ប៉េកាំង៖មន្ត្រីនាំពាក្យការបរទេសប្រទេសចិនលោកស្រី ហួ ឈុនយីង បាននិយាយពីថ្ងៃអង្គារថា ប្រទេសជប៉ុនមិនគួរព្យាយាមបំបិទប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពភើលហាប៊ើនៅសហរដ្ឋអាមេរិកនេះទេ និងថា រដ្ឋាភិបាលក្រុងតូក្យូមិនអាចប្រែក្លាយទំព័រនេះជាប្រវត្តិសាស្ត្រដោយគ្មានការផ្សះផ្សារជាមួយក្រុងប៉េកាំងនៃប្រទេសចិនបានទេ។
ដោយឡែករដ្ឋាភិបាលជប៉ុនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ជាមួយលោក អូបាម៉ា ទៅកាន់មូលដ្ឋានទ័ពនេះគឺជាភស្តុតាងដ៏សំខាន់មួយបង្ហាញថា អតីតប្រទេសសត្រូវនឹងគ្នាទាំង២នេះបានធ្វើឲ្យទំនាក់ទំនងនៃភាគីទាំង២នេះកាន់តែមានកម្លាំងឡើងក្រោយពីបញ្ចប់សង្គ្រាមនោះហើយ។
នៅក្នុងព្រឹត្តិការណ៍នេះដែរលោក អូបាម៉ា ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ពេលនេះធ្វើឲ្យភាគីទាំង២នឹកឃើញដល់អ្វីដែលអាចមានរវាងប្រទេសនិងប្រជាពលរដ្ឋទាំង២ភាគីនេះ។ លោក អូបាម៉ា បានបន្ថែមទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុននៅពេលនេះគឺជានិមិត្តរូបនៃសន្តិភាពនៅក្នុងពិភពលោក ហើយថា សម្ពន្ធភាពបែបនេះមិនធ្លាប់មានពីមុនមកទេ។
ដោយទុកចោលការសោកស្ដាយរយៈពេល៧៥ឆ្នាំដោយឡែកនោះ មេដឹកនាំរបស់សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងជួបគ្នានៅមូលដ្ឋានទ័ពភើលហាប៊ើជាទីដែលមានការបង្ហូរឈាមដាក់គ្នាយ៉ាងខ្លាំងរវាងកងទ័ពអាមេរិកនិងជប៉ុនដោយធ្វើឲ្យអាមេរិកធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២នៅពេលនោះ៕