ភ្នំពេញ៖ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនបុរសជាប្តីម្នាក់ត្រូវស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចអោយចាប់ដោយចោទប្រកាន់ពីបទចាក់សោរឃុំឃាំងអស់១យប់ និងអោយសមត្ថកិច្ចជួយរំដោះចេញពីការចាប់ឃុំឃាំងរបស់អតីតប្តីនេះ ហេតុការណ៍នេះបានបង្កអោយមានការភាក់ផ្អើល នាព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះលេខ15G, ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការឈ្លោះគ្នាខ្លាំងរឿងសុំមើលក្រដាសសាលក្រមដែលលែងលះគ្នារួច ដោយចាប់ឃុំនាងតាំងពីយប់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦។
ប្រភពបានឱ្យដឹងថា អតីតប្តី-ប្រពន្ធខាងលើ ប្តីឈ្មោះ ធី សុវណ្ណ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ លី ភារុន អាយុ៣៤ឆ្នាំ មានកូន២ (ប្រុស១ ស្រី១) ទាំង២នាក់ជាថៅកែផ្ទះសំណាក់យីហោ «ភីរុន» ក្នុងភូមិកើតហេតុខាងលើ ។
ក្រោយមានហេតុការណ៍ចាប់បង្ខាំងទុកនេះ និងមានសេចក្តីរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទាំងប្តី និងប្រពន្ធនាំមកប៉ុស្តិ៍ចោមចៅ ។
ប្រភពបន្តបានឱ្យដឹងទៀតថា ស្ថិតក្នុងប៉ុស្តិ៍ចោមចៅទៅហើយ ទាំងប្តី-ប្រពន្ធនៅមានការប្រកែកឡូឡាខ្លាំងទៀត ដោយបុរសប្តីនោះ បានបង្ខំឱ្យប្រពន្ធដកពាក្យបណ្តឹងវិញទៅ តែប្រពន្ធមិនព្រម ស្រាប់តែប្តីចង់ហក់ទៅវាយនាងទៀត ។
ពេលនោះស្ត្រីជាប្រពន្ធនៅតែមិនព្រម ដកពាក្យបណ្ដឹងដដែល ព្រោះតែឆ្អែតចិត្តជាមួយប្ដីដែលតែង តែធ្វើបាបរូបនាងជាប្រពន្ធបន្ត។
លុះក្រោយមកដោយដោយសារតែកូនៗ របស់នាងទាំង២នាក់បានទូរស័ព្ទ សុំអង្វរឲ្យនាង ដកពាក្យបណ្ដឹងលើកលែងទោសឲ្យឪពុក ព្រោះមិនចង់ឲ្យជាប់គុក ទើបនាងជាប្រពន្ធ អាណិតពាក្យអង្វរក របស់កូនប្រុសស្រីក៏សម្រេចដកពាក្យបណ្ដឹងវិញ ប៉ុន្តែបានសុំឲ្យនគរបាល ជួយអប់រំ និងធ្វើកិច្ចសន្យា សុំកុំឲ្យប្ដីប្រើហឹង្សាលើរូបនាងតទៅទៀត និងដោះលែងឲ្យមានសេរីភាពវិញ៕