រាជធានីភ្នំពេញ៖មន្ត្រី CPP និងមន្ត្រី CNRP បានលើកឡើងនូវគំនិតមួយចំនួនទាក់ទងករណីតុលាការប្រកាសបិទសំណុំរឿងឃាតកម្មលើលោក កែម ឡី ហើយការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាច និងមន្ត្រីបក្សប្រឆាំងនោះ គឺបន្ទាប់ពីការរិះគន់និងការយល់ច្រឡំរបស់បុគ្គលមួយចំនួន។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ CNRP បានលើកឡើងថា ការប្រកាសបិទបញ្ចប់ការស៊ើបសួរ ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មិនអាចឈានដល់ការបិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ប៉ុន្តែគឺដើម្បីបន្តដំណើរការរឿងក្ដីទៅមុខទៀត ។ លោកថា តាមធម្មតា គេផ្អាកតែការស៊ើបសួរ នៅតុលាការរាជធានីភ្នំពេញ ហើយគ្រាន់តែចៅក្រមស៊ើបសួរ គេបិទការស៊ើបសួរ ដើម្បីបន្តដំណើរក្ដីតទៅមុខទៀត ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងថា សំណុំរឿង លោកបណ្ឌិត កែម ឡី ទុកឲ្យតុលាការជាអ្នកដោះស្រាយ តាមនីតិវិធីច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ទើបជាការល្អប្រសើរ ធ្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋអស់ចិត្ត។
យោងតាមលិខិតជូនព័ត៌មាន ស្ដីពី ការបិទបញ្ចប់ការស៊ើបសួរ របស់ សាលាដំបូងរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ផ្ញើទៅលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានឲ្យដឹងថា “ក្រោយពីបានស៊ើបសួរ ប្រមូលភស្ដុតាងដែលទាក់ទិន ករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី រួចមក សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទ ការស៊ើបសួរលើសំណុំរឿងនេះ”។
សូមបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ កន្លងទៅ ភ្លាមៗនោះផងដែរ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ រហ័សនាមថា ជួប សម្លាប់។ ក្រោយហេតុការណ៍នេះកើតឡើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្កោលទោសយ៉ាងម៉ឺងមាត់ ចំពោះឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី ដែលនេះជាអំពើព្រៃផ្សៃបំផុត ដែលមិនអាចអត់ឱនឲ្យបានឡើយ៕