អាល្លឺម៉ង់៖ប៉ូលិសអាល្លឺម៉ង់កាលពីថ្ងៃពុធបានឃុំខ្លួនជនជាតិទុយនេស៊ីម្នាក់ដែលពួកគេជឿថាអាចមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅទីផ្សារលក់ផលិតផលបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំងដោយចោទប្រកាន់គាត់ថា មានទំនាក់ទំនងជាមួយលោក Anis Amri ដែលជាជនសង្ស័យវាយប្រហារហើយត្រូវបានបាញ់សម្លាប់ក្នុងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន។
នេះគឺជាការចាប់ខ្លួនលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ដោយក្រុមអ្នកស៊ើបអង្កេតដែលកំពុងព្យាយាមរកឲ្យឃើញថាតើ Amri មានអ្នកចូលរួមផ្សុំគំនិតដែរឬក៏អត់នៅក្នុងការវាយប្រហារថ្ងៃ១៩ខែធ្នូនៅពេលដែលគាត់ប្លន់រថយន្តដឹកទំនិញមួយគ្រឿងនិងបានបើកវាចូលទៅក្នុងទីផ្សារបុណ្យណូអែលទីក្រុងប៊ែកឡាំងដោយបានសម្លាប់មនុស្សចំនួន១២នាក់។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនសង្ស័យដែលបានស្លាប់ឈ្មោះ Anis បានកត់លេខទូរស័ព្ទរបស់ជនជាតិទុយនេស៊ីវ័យ៤០ឆ្នាំម្នាក់នេះនៅក្នុងទូរស័ព្ទរបស់គាត់។ ការស៊ើបអង្កេតបានបង្ហាញថា គាត់អាចមានការពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ”។
ជនសង្ស័យរូបនេះត្រូវបានគេយកទៅឃុំឃាំងនៅព្រឹកថ្ងៃពុធបន្ទាប់ពីមន្ត្រីប៉ូលិសសហព័ន្ធបានឆែកឆេរផ្ទះក្នុងទីក្រុងប៊ែកឡាំងនិងអគារការងាររបស់គាត់។
លោក Amri វ័យ២៤ឆ្នាំបានរត់គេចហើយត្រូវបានផ្តោតអារម្មណ៍នៃការតាមប្រមាញ់រយៈពេលបួនថ្ងៃមុនពេលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅក្នុងទីក្រុង មីឡេន ភាគខាងជើងប្រទេសអ៊ីតាលីបន្ទាប់ពីគាត់បានបាញ់ដាក់ប៉ូលិសមុន។
ប៉ូលិសអាល្លឺម៉ង់បាននិយាយថា ពួកគេបានរកឃើញស្នាមម្រាមដៃនិងលិខិតអនុញ្ញាតលំនៅដ្ឋានបណ្តោះអាសន្នរបស់គាត់នៅលើឡានដែលប្រើក្នុងការវាយប្រហារទីក្រុងប៊ែកឡាំង។
ការវាយប្រហារនៅទីក្រុងប៊ែកឡាំងនេះត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាមដែលបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រមុនដែលបង្ហាញពី Amri កំពុងសច្ចាចងសម្ព័ន្ធភាពទៅនឹងមេក្រុម IS លោក Abu Bakr al-Baghdadi ៕