ហ្វីលីពីន៖ប៉ូលិសនិងមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សយ៉ាងហោចណាស់៣២នាក់បានរងរបួសនៅពេលគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះខណៈពេលដែលពួកគេមើលការប្រកួតប្រដាល់នៅទីប្រជុំជនភាគកណ្តាលប្រទេសហ្វីលីពីនអំឡុងពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំមួយ។
អ្នករបួស១៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាខណៈមនុស្ស១៦នាក់ផ្សេងទៀតបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការព្យាបាលក្នុងទីប្រជុំជន Hilongos នៃខេត្ត Leyte ។ នេះបើតាមការឲ្យដឹងពីលោកស្រី Jenyzen Enciso ដែលជាអ្នកនាំពាក្យប៉ូលិសខេត្ត។
លោកស្រីបាននិយាយថា ប៉ូលិសបានរកឃើញសម្បកគ្រាប់កាំភ្លើងត្បាល់៨១មីលីម៉ែត្រចំនួនមួយនិងទូរស័ព្ទដៃមួយគ្រឿងដែលជាក់ស្តែងត្រូវបានប្រើក្នុងការបំផ្ទុះគ្រាប់បែកច្នៃនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេហើយក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារ។
គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះក៏រួមមានកុមារយ៉ាងហោចណាស់១០នាក់ផងដែរដែលមានអាយុចន្លោះពី៧ទៅ១៥ឆ្នាំ៕