ខេត្តព្រះសីហនុ៖រថយន្តដឹកកុងតឺន័របើកបុកគូថរថយន្តសាំយ៉ុងដឹកកម្មកររោងចក្រពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់នៅគ្លីនិកឯកជន ខណៈកម្មករ កម្មការីនី១៨នាក់ផ្សេងទៀតរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុតៃកុងរថយន្តទាំង២គ្រឿងបាននាំគ្នារត់គេចបាត់ស្រមោលភ្លាមៗដែរ។
នៅកន្លែងកើតហេតុភ្លាមៗនេះមិនមានសាក្សីណាម្នាក់អះអាងថា បានឃើញហេតុការណ៍ក៏ដូចជាសកម្មភាពបង្កគ្រោះមួយនេះទេ ព្រោះនៅម្តុំកើតហេតុ ពេលវេលាថ្មើរនេះមេឃយប់ងងឹតស្លុបមើលអ្វីមិនឃើញនោះទេ ប៉ុន្តែករណីនេះគេសង្ស័យថា រថយន្តដឹកកុងតឺន័រអាចប្រុងបើកវ៉ារថយន្តសាំយ៉ុងហើយវ៉ាក់ជាមួយរថយន្តបើកមកពីមុខ ស្ថិតក្នុងស្ថានការណ៍បែបនេះតៃកុងភ័យក៏ទាញចង្កូតមកស្តាំវិញហើយក៏បុកគូថនិងរុញរថយន្តសាំយ៉ុងពីក្រោយធ្លាក់ផ្លូវតែម្តងទៅ។
ក្រោយកើតហេតុភ្លាមកម្លាំងកងរាជអាវុធហត្ថស្រុកជាច្រើននាក់ត្រូវបានអង្គភាពចាត់បញ្ជូនទៅការពារនិងជួយសម្រួលចរាចរណ៌នៅកន្លែងកើតហេតុ។ មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា រថយន្តបង្កហេតុ ពាក់ក្បាលអាមេរិកកាំងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 7699 បើកក្នុងទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខព្រះសីហនុ2AG 8230 បណ្តាលឲ្យរអិលប៉ើងធ្លាក់ទៅគៀនផ្លូវហើយគៀបបុរសរងគ្រោះស្ទើរតែដាច់ភ្លៅខាងស្តាំ និងបែកគ្រឿងក្នុងធ្ងន់ធ្ងរ ហើយបានស្លាប់នៅគ្លីនិក។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថាសាកសពជនរងគ្រោះមានឈ្មោះហេង ង៉ែត ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចរថយន្តទាំងពីរគ្រឿងត្រូវបានអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
រថយន្តកុងតឺន័របុកសាំយ៉ុងដឹកកម្មករពីក្រោយស្លាប់ និងរបួស១៩នាក់