ពិភពលោក៖ជនស៊ីវិលក្នុងប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ និងបណ្ដាប្រទេសនៅអឺរ៉ុបពិតជានឹងកត់សម្គាល់ឆ្នាំ២០១៦ក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រជាជនអាមេរិកធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានបោះឆ្នោតឲ្យលោក Donald Trump ជាប់ជាប្រធានាធិបតីអាមេរិក ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ដោយការវាយប្រហារភេរវកម្ម ឧក្រិដ្ឋកម្មស្អប់ និងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងទ្វីប ។ ឆ្នាំ២០១៦ នេះបានបង្ហាញពីសោកនាដកម្មជាច្រើនទាំងមនុស្សជាតិ និងធម្មជាតិ ។
ខែមករា
ថ្ងៃទី១៥ ខែមករា
តៃវ៉ាន់បោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីជាលើកដំបូង ៖ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់នេះ ប្រធានគណបក្សចម្រើនប្រជាធិបតេយ្យ និងជាបេក្ខជនលោកស្រី Tsai Ing-wen បានកាន់តំណែងជាលើកដំបូងជាមួយនឹងការទទួលបានសម្លេងឆ្នោត ៥៦.១ភាគរយ ។ លោកស្រី Tsai បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ។
ថ្ងៃទី២០ ខែមករា
បណ្តាប្រទេសដែលរងផលប៉ះពាល់មេរោគ Zika ៖ បើយោងតាមអង្គការសុខភាពពិភពលោក WHO វីរុស Zika បានរីករាលដាលការផ្ទុះនៅក្នុងទ្វីបអាមេរិក ។ មេរោគនេះបណ្តាលឲ្យក្បាលតូច ក្នុងចំណោមទារកដែលម្តាយត្រូវបានឆ្លងមេរោគនេះ ។ អ្នកឆ្លងមេរោគនេះប្រមាណ ៤លាននាក់ត្រូវបានរកឃើញមកទល់ពេលនេះ ។
ខែមីនា
ថ្ងៃទី៣ ខែមីនា
ដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាឯកច្ឆ័ន្ទបានដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានបាញ់រ៉ុក្កែតដែលដាក់ចូលទៅក្នុងគន្លងផ្កាយរណបមួយនៅខែកុម្ភៈ ។
ថ្ងៃទី១៥ ខែមីនា
លោក Htin Kyaw បានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា ៖ សភាមីយ៉ាន់ម៉ាបានបោះឆ្នោតឲ្យលោក Htin Kyaw ជាប្រធានាធីបតីដែលធ្វើឲ្យគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី ចូលទៅក្នុងរដ្ឋាភិបាល ។
ថ្ងៃទី២២ ខែមីនា
បំផ្ទុះគ្រាប់បែកនៅទីក្រុងព្រុចសែល ៖ មនុស្ស ៣២នាក់ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះអន្តរជាតិ Zaventem និងនៅក្នុងស្ថានីយរថភ្លើង Maelbeek នៅទីក្រុង Brussels ។ ក្រុមរដ្ឋឥស្លាមបីនាក់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនេះដោយត្រូវបានគេស្គាល់ឈ្មោះថា Khalid el-Bakraouie, Ibrahim el-Bakraoui និង Najim Laachraoui ដែលក៏ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនោះផងដែរ ។
ថ្ងៃទី២៧ ខែមីនា
ការបំផ្ទុះគ្រាប់បែកបុណ្យ Easter នៅថ្ងៃអាទិត្យក្នុងទីក្រុង Lahore ៖ មនុស្ស ៧៥នាក់បានស្លាប់ និងជាង ៣៤០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានវាយប្រហារឧទ្យាន Gulshan-e-Iqbal នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ។ ការវាយប្រហារនេះបានអះអាងដោយក្រុមគណបក្ស Jamaat-ul-Ahrar ដែលបានកំណត់គោលដៅលើពួកគ្រីស្ទានដែលកំពុងប្រារព្វពិធីបុណ្យ Easter ។
ថ្ងៃទី៣០ ខែមីនា
‘ស្នេហាគឺមាននៅក្នុងខ្យល់’ ៖ បុរសជនជាតិអេហ្ស៊ីប Seif Eddin Mustafa បានប្លន់យន្តហោះ EgyptAir ដែលហោះហើរពីប្រទេសអេហ្ស៊ីបទៅកាន់ទីក្រុង Cairo ។ យន្តហោះនេះត្រូវបានបង្វែរទៅកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុង Larnaca នៅក្នុងប្រទេសសាយព្រឺស ជាកន្លែងដែលលោក Mustafa ទាមទារយកប្រពន្ធដែលបែកគ្នារបស់គាត់ ។ ក្រុមអ្នកស៊ើបអង្កេតបានរៀបរាប់ថា បុរសម្នាក់នោះ “មិនស្ថិតស្ថេរខាងចិត្តសាស្ត្រ” ។ គ្មាននរណាម្នាក់នៃអ្នកដំណើរចំនួន ៥៦នាក់ និងនាវិកចំនួនប្រាំពីរនាក់រងការឈឺចាប់ឡើយ ។
ខែមេសា
ថ្ងៃទី៣ ខែមេសា
ឯកសារប៉ាណាម៉ា ៖ ជាលើកដំបូងពិភពលោកបានឮពាក្យ “ឯកសារប៉ាណាម៉ា” ដែលសំដៅទៅលើឯកសារសម្ងាត់រាប់លានឯកសារដែលត្រូវបានលេចធ្លាយពីក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅប៉ាណាម៉ា Mossack Fonseca ។ ឯកសារនេះបានបង្ហាញលម្អិតពីរបៀបមួយចំនួននៃមនុស្សដែលមានជាងគេបំផុតរបស់ពិភពលោកបានប្រើប្រាស់ជម្រកពន្ធទៅលាក់ទុកទ្រព្យសម្បត្តិរបស់ពួកគេ ។
ថ្ងៃទី១៦ ខែមេសា
រញ្ជួយដីនៅប្រទេសអេក្វាឌ័រ ៖ មនុស្សជាង ៦០០នាក់ត្រូវបានស្លាប់នៅពេលដែលការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័របានវាយប្រហារប្រទេសអេក្វាឌ័រ ។ វាត្រូវបានចាត់ទុកថាជាគ្រោះមហន្តរាយធម្មជាតិអាក្រក់បំផុតដែលបានវាយប្រហារប្រទេសនេះ ខណៈដែលការរញ្ជួយដីនេះបណ្ដាលឲ្យមនុស្សជាង ២៧.០០០នាក់រងរបួស ។
ខែឧសភា
ថ្ងៃទី១១ ខែឧសភា
ទីក្រុងបាដាដត្រូវបានវាយប្រហារដោយក្រុម ISIS ៖ មនុស្សជាង ១០០នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅក្នុង និងក្បែរទីក្រុងបាដាដ ។ ការបំផ្ទុះគ្រាប់បែករថយន្តមួយបានផ្ទុះឡើងនៅក្នុងហ្វូងមនុស្សនៅខាងក្រៅទ្វារផ្សារទំនិញក្នុងទីក្រុង Sadr ។ ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សផ្សេងទៀតបានកើតឡើងនៅក្នុងតំបន់និកាយស៊ីអ៊ីត Kadhimiya ស្រុក Jamea និងដងផ្លូវ al-Rabie ។
ថ្ងៃទី២៣ ខែឧសភា
អាមេរិកលុបចោលការហាមឃាត់ការលក់អាវុធទៅឲ្យវៀតណាម ៖ លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា ការហាមឃាត់ជាច្រើនទសវត្សរ៍លើការលក់អាវុធទៅឲ្យប្រទេសវៀតណាមត្រូវបានលុបចោល ។ ការហាមឃាត់ការលក់អាវុធទៅឲ្យប្រទេសវៀតណាមដែលវាជាផលិតផលមួយនៃសង្គ្រាមត្រជាក់នៅឆ្នាំ១៩៩០ ។
ថ្ងៃទី២៧ ខែឧសភា
លោក អូបាម៉ា ទស្សនកិច្ចនៅកោះហ៊ីរ៉ូស៊ីម៉ា ៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីដំបូងគេទៅទស្សនកិច្ចកោះហ៊ីរ៉ូស៊ីម៉ា និងបានជួបជាមួយអ្នកនៅរស់រានមានជីវិតផងដែរ ។
ខែមិថុនា
ថ្ងៃទី៣ ខែមិថុនា
ការស្លាប់របស់ “មនុស្សពិសេសបំផុត” ៖ អ្នកប្រដាល់តំណាងសហរដ្ឋអាមេរិកកីឡាករ Muhammad Ali បានស្លាប់នៅអាយុ ៧៤ឆ្នាំដោយសារតែផលវិបាកផ្លូវដង្ហើម និងជំងឺ Parkinson ។
ថ្ងៃទី១២ ខែមិថុនា
ការបាញ់ប្រហារក្លិបរាត្រីនៅ Orlando ៖ មនុស្ស ៤៩នាក់ត្រូវបានសម្លាប់ និង៥៩នាក់បានរងរបួសនៅពេលដែលអ្នកវាយប្រហារ Omar Mateen បានចូលទៅបាញ់រង្គាលនៅឯក្លិបរាត្រីស្រឡាញ់ភេទដូចគ្នា Pulse ។ វាជាការបាញ់ប្រហារស្លាប់ច្រើនបំផុតដោយអ្នកបាញ់តែម្នាក់ប៉ុណ្ណោះ ហើយវាក៏ជាឧបទ្ទវហេតុសម្លាប់មនុស្សច្រើនបំផុតនៃអំពើហិង្សាប្រឆាំងនឹងមនុស្សដែលស្រឡាញ់ភេទដូចគ្នានៅអាមេរិក ។
ថ្ងៃទី១៨ ខែមិថុនា
ការទទួលជ័យជម្នះនៅក្នុងទីក្រុង Falluja ៖ រយៈពេលជាងពីរឆ្នាំមកហើយ បន្ទាប់ពីក្រុម ISIS បានអះអាងពីទីក្រុង Falluja នៅក្នុងប្រទេសអ៊ីរ៉ាក់ កងទ័ពរដ្ឋាភិបាលប្រកាសពីការទទួលជ័យជម្នះ ខណៈដែលខ្លួនបានរឹបអូសទីក្រុងនេះមកវិញ ។
ថ្ងៃទី២៣ ខែមិថុនា
ការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ៖ នៅក្នុងការទទួលជ័យជម្នះលើសម្លេង៥២ភាគរយ អ្នកបោះឆ្នោតនៃប្រទេសអង់គ្លេសបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ។ នាយករដ្ឋមន្ត្រីលោក David Cameron បានលាលែងពីតំណែង បន្ទាប់ពីមានការបាត់បង់នៃយុទ្ធនាការ “គ្មានការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប” របស់គាត់ ។ លោកស្រី Theresa May បានជំនួសតំណែងលោក Cameron ក្នុងខែកក្កដា ។
ថ្ងៃទី២៨ ខែមិថុនា
ការបំផ្ទុះគ្រាប់បែកនៅទីក្រុង Istanbul Ataturk ៖ ភេរវករបីនាក់បានវាយប្រហារព្រលានយន្តហោះ Ataturk នៅក្នុងទីក្រុង Istanbul ប្រទេសទួរគី និងបានសម្លាប់មនុស្ស ៤០នាក់ ។
ខែកក្កដា
ថ្ងៃទី១ ខែកក្កដា
ចាប់ចំណាប់ខ្មាំងនៅហាងកាហ្វេក្នុងទីក្រុងដាកា ៖ សកម្មប្រយុទ្ធ IS ប្រាំនាក់បានចាប់ចំណាប់ខ្មាំង និងបានបើកការបាញ់ប្រហារទៅលើហាងនំបុ័ង Holey Artisan នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ។ មនុស្ស ២៩នាក់ត្រូវបានសម្លាប់រួមទាំងខ្មាន់កាំភ្លើងប្រាំនាក់ផងដែរ ។
ថ្ងៃទី៣ ខែកក្កដា
ការបំផ្ទុះគ្រាប់បែកនៅតំបន់ Karrada ៖ ការវាយប្រហារដោយគ្រាប់បែកមួយក្នុងតំបន់ Karrada ទីក្រុងបាដាដបណ្តាលឲ្យស្លាប់មនុស្សជាង ៣០០នាក់ ។ ការវាយប្រហារនេះបានកំណត់គោលដៅលើអ្នកលក់ទំនិញមូស្លីមដែលកំពុងរៀបចំសម្រាប់បុណ្យរ៉ាម៉ាដាន ហើយក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
ថ្ងៃទី៦ ខែកក្កដា
ហ្គេម Pokemon Go ៖ ក្រុមហ៊ុន Nintendo បានចេញផ្សាយហ្គេម Pokemon Go ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតតួអង្គ និងដើរជុំវិញពិភពលោកពិតប្រាកដមួយដើម្បីចាប់ Pokemon ។ ហ្គេមទូរស័ព្ទដៃនេះបានក្លាយជាកម្មវិធីកំពូលដែលរកចំណូលបានច្រើននៅក្នុងកម្មវិធី App Store ។
ថ្ងៃទី១២ ខែកក្កដា
តុលាការអន្ដរជាតិស្តីបន្ទោសចិន ៖ តុលាការអន្តរជាតិនៅទីក្រុងឡាអេស្តីបន្ទោសទង្វើរបស់ចិននៅសមុទ្រចិនខាងត្បូង ។ សាលាក្តីនិយាយថា ប្រទេសចិនបានរំលោភច្បាប់អន្តរជាតិ ព្រមទាំងការជ្រៀតជ្រែកជាមួយនឹងការនេសាទហ្វីលីពីន ។ ខណៈពេលដែលប្រទេសហ្វីលីពីនបានអបអរលើជ័យជម្នះនេះ ប្រទេសចិនមិនទទួលយកសេចក្តីសម្រេចនេះឡើយ ។
ថ្ងៃទី១៤ ខែកក្កដា
ការវាយប្រហារដោយរថយន្តនៅទិវា Bastille ៖ ទីក្រុង Nice ប្រទេសបារាំងបានប្រារព្ធទិវា Bastille Day រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបានបើកចូលទៅកាន់ហ្វូងមនុស្ស និងស្លាប់មនុស្ស ៨៤នាក់ ។ អ្នកបើកបរឈ្មោះ Mohamed Lahouaiej Bouhlel ត្រូវបានបាញ់ និងសម្លាប់ដោយមន្ត្រីប៉ូលីសផងដែរ ។
ថ្ងៃទី១៥ ខែកក្កដា
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគី ៖ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយក្រុមទាហានបានបរាជ័យក្នុងទីក្រុងអង់ការ៉ា និងក្រុងអ៊ីស្តង់ប៊ុល ។ បុគ្គលិកយោធា និងពលរដ្ឋបានប៉ះទង្គិចគ្នានៅតាមដងផ្លូវបណ្ដាលឲ្យមនុស្ស ៦០នាក់បានស្លាប់ ។ មនុស្សរាប់ពាន់នាក់នៃពួកផ្សំគំនិតរដ្ឋប្រហារ និងអ្នកគាំទ្រត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក ។
ថ្ងៃទី២៥ ខែកក្កដា
ការសម្លាប់អាក្រក់បំផុតនៅក្នុងប្រទេសជប៉ុន ៖ លោក Satoshi Uematsu វ័យ២៦ឆ្នាំបានវាយប្រហារមណ្ឌលចាស់ជរា Tsukui Yamayuri En ក្នុងទីក្រុង Sagamihara ដែលបានសម្លាប់មនុស្សចាស់ ១៩នាក់ ។
ខែសីហា
ថ្ងៃទី៨ ខែសីហា
ភេរវកម្មនៅប៉ាគីស្ថាន ៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Quetta ប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស ៧៤នាក់ ។ ពួកតាលីបង់ប៉ាគីស្ថានបានអះអាងថាការវាយប្រហារនេះ ។
ថ្ងៃទី១៩ ខែសីហា
តួនាទីរបស់ UN ក្នុងការរីករាលដាលជំងឺអាសន្នរោគប្រទេសហៃទី ៖ អង្គការសហប្រជាជាតិបានប្រកាសថា ពួកគេត្រូវបានជួយផ្នែកហិរញ្ញវត្ថុទៅដល់អ្នកដែលបានប៉ះពាល់ទាំងនោះដោយជំងឺអាសន្នរោគក្នុងប្រទេសហៃទី ។ មនុស្សជាង ៨០០.០០០ នាក់ត្រូវបានឆ្លងជំងឺអាសន្នរោគ ។
ថ្ងៃទី២៥ ខែសីហា
រញ្ជួយដីនៅអ៊ីតាលី ៖ ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារកណ្តាលប្រទេសអ៊ីតាលីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤៧នាក់ ។ វាក៏បានធ្វើឲ្យមានការដួលរំលំព្រះវិហារ ផ្ទះ និងហាង ហើយមនុស្សរាប់រយនាក់បានរងរបួស ។
ខែកញ្ញា
ថ្ងៃទី៩ ខែកញ្ញា
កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ៖ ទីក្រុងព្យុងយ៉ាងបានសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរមួយដែលបញ្ជាក់ថាប្រទេសនេះបានសាងសង់អាវុធនុយក្លេអ៊ែរខ្លាំងជាងមុន និងស្រាលជាងមុនទទួលបានជោគជ័យជាមួយនឹងអត្រាផលប៉ះពាល់ខ្ពស់ ។ ការធ្វើតេស្តនេះបានបង្កើតសកម្មភាពរញ្ជួយដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ។
ខែតុលា
ថ្ងៃទី១៣ ខែតុលា
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយទិវង្គត ៖ ព្រះមហាក្សត្ររបស់ប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតនៅព្រះជន្ម ៨៨ព្រះវស្សា នៅទីក្រុងបាងកក បន្ទាប់ពីមានជំងឺជាបន្តបន្ទាប់ ។ ព្រះអង្គបានបម្រើការងារអស់រយៈពេល៧០ឆ្នាំដែលធ្វើឲ្យព្រះអង្គក្លាយជាព្រះមហាក្សត្រយូរជាងគេបំផុតក្នុងការបម្រើប្រទេសជាតិរបស់ពិភពលោក ។ រាជទាយាទព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន ត្រូវបានប្រកាសជាព្រះមហាក្សត្រថ្មីនៅថ្ងៃទី១ ខែធ្នូ ។
ថ្ងៃទី១៧ ខែតុលា
ការរំដោះទីក្រុង Mosul ចាប់ផ្តើម ៖ រដ្ឋាភិបាលអ៊ីរ៉ាក់បានបើកដំណើរការយុទ្ធសាស្ត្រវាយលុកដើម្បីដណ្ដើមយកមកវិញក្រុង Mosul ពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ។ ទីក្រុងដែលមានប្រជាជន ១,៥លាននាក់ត្រូវបានកាន់កាប់រយៈពេលពីរឆ្នាំកន្លងមកហើយដោយក្រុមរដ្ឋឥស្លាម ។
ថ្ងៃទី២០ ខែតុលា
ការរិះគន់របស់លោក Duterte ប្រឆាំងនឹងអាមេរិក ៖ បន្ទាប់ពីទទួលបានជ័យជម្នះការបោះឆ្នោតខែឧសភាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសជាផ្លូវការនៃការបំបែកចេញរបស់ប្រទេសនេះពីសហរដ្ឋអាមេរិក ។ លោក Duterte បានឲ្យដឹងថា ហ្វីលីពីននឹងគាំទ្រប្រទេសចិន និងប្រទេសរុស្ស៊ី ។
ខែវិច្ឆិកា
ថ្ងៃទី៧ ខែវិច្ឆិកា
ចិនរារាំងការសច្ចាប្រណិធានរបស់អ្នកតាក់តែងច្បាប់ហុងកុង ៖ ប្រធានាធិបតីចិនលោក Xi Jinping បានរារាំងអ្នកនយោបាយគាំទ្រឯករាជ្យភាពពីរនាក់គឺលោក Sixtus Leung និងលោកស្រី Yau Wai-ching ពីការទទួលយកអាសនៈនៅក្នុងអង្គនីតិប្បញ្ញត្តិរបស់ហុងកុង ។
ថ្ងៃទី៨ ខែវិច្ឆិកា
លោក Donald Trump ទទួលជ័យជម្នះជាប្រធានាធិបតី ៖ បេក្ខជនគណបក្សសាធារណៈលោក Donald Trump បានទទួលជ័យជម្នះដែលមិនបានរំពឹងទុកលើបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេត្យលោកស្រី Hillary Clinton ដោយទទួលបានសម្លេងឆ្នោត ២៧៩សម្លេង ។ មហាសេដ្ឋីជំនួញរូបនេះនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ។
ថ្ងៃទី២៤ ខែវិច្ឆិកា
ការវាយប្រហារធម្មយាត្រានិកាយស៊ីអ៊ីត ៖ យ៉ាងហោចណាស់អ្នកធម្មយាត្រា ៨០នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ។ អ្នកធម្មយាត្រានិកាយស៊ីអ៊ីតនេះគឺស្ថិតចេញពីផ្លូវនៃផ្ទះរបស់ពួកគេទៅកាន់ធម្មយាត្រា Arbaeen ។
ថ្ងៃទី២៥ ខែវិច្ឆិកា
លោក Fidel Castro បានទទួលមរណៈភាព ៖ អ្នកបដិវត្តន៍គុយបាលោក Fidel Castro បានស្លាប់នៅអាយុ ៩០ឆ្នាំ ។ លោក Castro គឺជាមេដឹកនាំ បដិវត្តន៍កុម្មុយនិស្តគុយបាអស់រយៈពេលជិតប្រាំទសវត្សរ៍មកហើយ ។
ថ្ងៃទី២៨ ខែវិច្ឆិក
សមាជិកក្រុមបាល់ទាត់ប្រេស៊ីលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ ៖ មនុស្ស ៨១នាក់បានស្លាប់ក្នុងការធ្លាក់យន្តហោះមួយនៅប្រទេសកូឡុំប៊ី ។ អ្នកស្លាប់ និងរបួស ៧១នាក់ជាសមាជិកនៃក្រុមកីឡាបាល់ទាត់ប្រេស៊ីល Chapecoense ដែលធ្វើដំណើរសម្រាប់ការប្រកួតពានរង្វាន់ Copa Sudamericana ប្រកួតជាមួយនឹងក្លិប Atletico Nacional ។
ខែធ្នូ
ថ្ងៃទី៤ ខែធ្នូ
ប្រទេសអ៊ីតាលីធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ៖ ប្រទេសអ៊ីតាលីស្ថិតនៅក្នុងភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានលាលែងពីតំណែង ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការធ្វើកំណែទម្រង់របស់គាត់ទៅកាន់រដ្ឋធម្មនុញ្ញដែលត្រូវបានច្រានចោលដោយអ្នកបោះឆ្នោត ។
ថ្ងៃទី៩ ខែធ្ន
ការបោះឆ្នោតសភាដើម្បីចោទប្រកាន់លោកស្រី Park Geun-hye ៖ សមាជិកសភាកូរ៉េខាងត្បូងបានបោះឆ្នោតដើម្បីចោទប្រកាន់លោកស្រីប្រធានាធិបតី Park Geun-hye ដែលក្លាយជាប្រធានាធិបតីស្ត្រីដំបូងបំផុត ។ លោកស្រីត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយកាលពីខែតុលា រួមជាមួយនឹងមិត្តភក្ដិជិតសិទ្ធិរបស់លោកស្រីគឺលោកស្រី Choi Soon-sil ។ តាមដងផ្លូវទីក្រុងសេអ៊ូលត្រូវបានគេឃើញមានការតវ៉ាប្រចាំសប្តាហ៍ប្រឆាំងនឹងលោកស្រី Park ចាប់តាំងពីខែតុលាមក ។
ថ្ងៃទី១៩ ខែធ្នូ
ការវាយប្រហារដោយរថយន្តនៅទីក្រុងប៊ែកឡាំង ៖ រថយន្តយោធាមួយគ្រឿងបានបើកចូលទៅក្នុងផ្សារទំនិញបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដែលបានសម្លាប់មនុស្ស១២នាក់ ។ ជនសង្ស័យឈ្មោះ Anis Amri គឺត្រូវបានបាញ់សម្លាប់ក្នុងប្រទេសអ៊ីតាលីនៅថ្ងៃទី២៣ ខែធ្នូ ។
ថ្ងៃទី១៩ ខែធ្នូ
បេសកជនរុស្ស៊ីត្រូវបានធ្វើឃាត ៖ ប៉ូលីសទួរគីម្នាក់បានបាញ់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរុស្ស៊ីលោក Andrei Karlov នៅឯសាលតាំងពិព័រណ៍សិល្បៈក្នុងទីក្រុងអង់ការ៉ា មុនពេលដែលខ្លួនគាត់ផ្ទាល់ត្រូវបានសម្លាប់ដោយប៉ូលីសទួរគី ។
ថ្ងៃទី២២ ខែធ្នូ
រដ្ឋាភិបាលវាយដណ្ដើមយកទីក្រុងអាឡេប៉ូ ៖
រដ្ឋាភិបាលស៊ីរីបានប្រកាសពីជ័យជម្នះ បន្ទាប់ពីមានការត្រួតត្រាលើក្រុងអាឡេប៉ូ ។ ក្រុងអាឡេប៉ូបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ IS និងក្រុមឧទ្ទាមអស់រយៈពេលបួនឆ្នាំមកហើយ ។ ជនស៊ីវិល និងក្រុមក្រុមឧទ្ទាមរាប់ពាន់នាក់គឺត្រូវបានជម្លៀសចេញទៅកាន់ទីប្រជុំជនជិតខាង៕