ខេត្តត្បូងឃ្មុំ៖បុរសស្រវឹងស្រាម្នាក់បានជិះម៉ូតូទៅផ្ទះមិត្តភក្តិ ហើយសួររកទូរស័ព្ទរបស់ខ្លួន តែរកមិនឃើញ ក៏យកគ្រាប់បែកដាក់ទ្រូងមិត្តភក្តិបណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើងនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនបង្ក ឈ្មោះ សំ សារ៉ាត ហៅជា ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ក្រហមខ្មៅ ដោយភ្ជាប់មកជាមួយនៅគ្រាប់បែកមួយគ្រាប់ មកឈប់មុខផ្ទះឈ្មោះ សូ ណាក់ អាយុ៤១ឆ្នាំ ហើយបានជួបជនរងគ្រោះឈ្មោះ ខុញ ខា អាយុ៤៣ឆ្នាំ ដោយបានសួររកទូរស័ព្ទរបស់ខ្លួន ហើយឈ្មោះ ខុញ ខា ឆ្លើយថាមិនឃើញរួច ជនបង្កជិះម៉ូតូចេញទៅវិញមួយសន្ទុះ ក្រោមមកត្រឡប់មកវិញ។
នគរបាលបន្ដថា ពេលត្រឡប់មកវិញ ជនបង្កបានយកគ្រាប់បែកមកដាក់ញុកទ្រូងឈ្មោះ ខុញ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នា» ថារួចជនបង្កក៏បានដកគ្រាប់បែកចេញបណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ភ្លាមៗ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
យកគ្រាប់បែកញាត់ទ្រូងមិត្តភក្តិបណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់