តួកគី៖អភិបាលក្រុងអ៊ីស្តង់ប៊ុលលោក វ៉ាស៊ីប សាហ៊ីន បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៥នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបុរសម្នាក់បានបាញ់រះទៅលើក្លឹបកម្សាន្តមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល នៅយប់ថ្ងៃឆ្លងឆ្នាំសកល។ នេះដោយយោងតាមសារព័ត៌មាន Channel News Asia។
ជាមួយគ្នានេះអភិបាលក្រុងរូបនេះបានចាត់ទុកការបាញ់រះនេះ គឺជាការវាយប្រហារភេរវកម្ម។ លោកថ្លែងថា មនុស្ស ៣៥នាក់ បានបាត់បង់ជីវិតរបស់ពួកគេ ក្នុងនោះមានទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ។
អាជ្ញាធរបាននិយាយថា មនុស្សប្រហែល៥០០ទៅ៦០០នាក់ស្ថិតនៅក្នុងក្លឹបនោះនៅពេលកើតហេតុ។ មនុស្សមួយចំនួននៅក្នុងពិធីនោះ បានលោតចូលទឹក ដើម្បីគេចពីការបាញ់រះ ហើយបន្ទាប់មកប៉ូលិសជួយសង្គ្រោះ។
គួរបញ្ជាក់ថា ការបាញ់រះនេះកើតឡើងមិនដល់មួយខែផង ក្រោយពីការបំផ្ទុះគ្រាប់បែកចំនួន២នៅខាងក្រៅកីឡដ្ឋានបាល់ទាត់កាលពីថ្ងៃទី១០ ខែធ្នូ ដែលបានសម្លាប់មនុស្ស៤៤នាក់ បង្កឡើងដោយពួកឧទ្ទាមឃឺត៕