រាជធានីភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានចុះបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនរបស់ជនជាតិវៀតណាមមួយកន្លែងនៅភូមិផ្សារតូច សង្កាត់ទូលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលត្រឃាត់ទី១-ឈ្មោះ ជួញ ស្រីញ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម និងទី២-ឈ្មោះ វ៉ាន់ សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង២នាក់មានទីលំនៅផ្ទះមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកអធិការបន្តថា ដោយមានការស្រាវជ្រាវ សមត្ថកិច្ចក៏ឈានទៅឆែកឆេរលំនៅឋាន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ ខណៈកំពុងចែកចាយគ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន ១-ម្សៅក្រាមពណ៌សថ្លា១៤កញ្ចប់, ២-ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទយ៉ាម៉ា (W.Y) ផលិតរួចចំនួន៣៧គ្រាប់, ៣-ថ្នាំគ្រាប់ប្រភេទគ្រវី(ខេ)៨គ្រាប់, ៤-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស៣កញ្ចប់, ៥-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំក្រវីពណ៌ក្រហម៤កញ្ចប់, ៦-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ទឹកក្រូច១ប្រអប់, ៧-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌លឿង១ដប, ៨-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស្លាទុំ១ដប, ៩-ឧបករណ៍ផលិតកែច្នៃ(ពុម្ព)យ៉ាម៉ា (W.Y) ១៣ដុំ និង ១០-ម៉ាស៊ីនអ៊ុតថង់ផ្លាស្ទិច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងសម្ភារបម្រើសកម្មភាពមួយចំនួន ។
លោកអធិការបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕