រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតដំបូងរបស់ខ្លួន នៅតាមសាលាឃុំ-សង្កាត់ ឲ្យគ្រប់ៗគ្នា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ។
នៅថ្ងៃនេះ គ.ជ.ប ធ្វើការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបឈ្មោះចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅគ្រប់សាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជននានា ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង ក៏មានចេញផ្សាយនៅក្នុងគេហទំព័ររបស់ គ.ជ.ប ផងដែរ។
ហើយពលរដ្ឋគ្រប់រូបក៏អាចចូលរួមពិនិត្យមើលរកឈ្មោះជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយប្ដឹងតវ៉ាអោយមានការកែតម្រូវបាន ខណៈដែល គ.ជ.ប បានកំណត់ថា ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពោលគឺក្នុងអំឡុងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ពីសារៈសំខាន់នៃការទៅពិនិត្យឈ្មោះថា ប្រជាពលរដ្ឋគ្រប់រូបដែលបានទៅចុះឈ្មោះរួច ចាំបាច់ត្រូវតែទៅពិនិត្យឈ្មោះបោះឆ្នោត ដើម្បីធ្វើអោយប្រាកដថា ទិន្និន័យរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះថ្មីនេះពិតជាត្រឹមត្រូវតាមឯកសាររបស់ខ្លួន ដែលធានាបាននូវសិទ្ធចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ លោកបន្តថា នៅពេលដែលពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះសូវនាំយកទៅជាមួយនូវបង្កាន់ដៃចុះឈ្មោះ និងអត្តសញ្ញាញប័ណ្ណ សញ្ញាតិខ្មែរដើម្បីងាយស្រួលផ្ទៀងផ្ទាត់៕
ថ្ងៃនេះ! បញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០១៦ត្រូវបានបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់