ខេត្តកណ្តាល៖ជនសង្ស័យ២នាក់ត្រូវម្ចាស់ម៉ូតូពួតដៃជាមួយប្រជាពលរដ្ឋដេញចាប់បានព្រលះម្នាក់ដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ជូនកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បន្ទាប់ពីបានធ្វើសកម្មភាពកាច់កម៉ូតូ។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារបឹងខ្យាង ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចបាត់។
នគរបាលបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ងិន វិច្ឆិកា អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិ-ឃុំកើតខាងលើ។ ចំណែកជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនបានមានឈ្មោះ វ៉ាន់ នឿន អាយុ៣១ឆ្នាំ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ឈ្មោះ ពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមួយគ្នា។ រីឯម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FR-8059។
នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញម្ចាស់ម៉ូតូឈប់ម៉ូតូចោល នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់នោះ ជិះម៉ូតូមកដល់ ម្នាក់ចុះធ្វើសកម្មភាពកាច់កម៉ូតូ ភ្លាមនោះម្ចាស់ម៉ូតូបានឃើញទាន់ រួចស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់រត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំបញ្ជូនទៅកាន់តុលាការចាត់ទៅតាមផ្លូវច្បាប់៕