ថៃ៖រថយន្តតួរីសបុកជាមួយរថយន្តម៉ាកនីសាន់ដឹកអ្នកដំណើរដូចគ្នាបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយធុងហ្គាសឆាបឆេះតែម្តងបណ្តាលឲ្យមនុស្ស២៥នាក់ក្នុងចំណោចមនុស្ស២៧នាក់ត្រូវបានភ្លើងឆេះស្លាប់ក្នុងរថយន្ត។
អាជ្ញាធរថៃបាននិយាយថា គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះនៅតាមបណ្តោយផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអ៊ីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តច័ន្ទបុរីប្រទេសថៃ «ព្រំដែនកម្ពុជាជាប់នឹងខេត្តប៉ៃលិន» ឆ្ពោះទៅកាន់ទីក្រុងបាងកក។
ប្រភពបន្តទៀងថា អ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូតខណៈដែលរថយន្តកំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។
អាជ្ញាធរបញ្ជាក់ថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីសចំនួន១៤នាក់បានស្លាប់ទាំងអស់ ក្នុងនោះមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែកនៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប១៣នាក់ ស្លាប់១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕