សៀមរាបះ សាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣១ ខែមករា កាត់ទោសជនជាតិបារាំង ៣នាក់ដែលបាននាំគ្នាថតរូបអាក្រាតនៅប្រាសាទបន្ទាយក្តី កាលពីថ្ងៃទី២៩ មករា ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ៦ខែ និងមិនឲ្យចូលក្នុងប្រទេសកម្ពុជា រយៈពេល ៤ឆ្នាំ។
បុរសជនជាតិបារាំង ទាំង ៣នាក់នោះរួមមាន ឈ្មោះ វ៉ាំងសង់ ហែនរី (Vincent Henri) រូដូលហ្វី ហ្វជីអូត (Rodolphe Fourgeot) និង អាឡិចស្សង់ អង់ឌ្រេ រេម៉ន (Alexandre André Raymond)។ ពួកគេមានអាយុចន្លោះពី ២០ ទៅ ២២ឆ្នាំ។
ចៅក្រមសាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងក្តីបុរស ៣នាក់នេះ គឺលោក កូយ សៅ។ លោកឲ្យដឹងនៅរសៀលថ្ងៃទី៣១ មករា ថា ជនជាតិបារាំង ទាំងនោះត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ ៦ខែ ពិន័យជាប្រាក់ ១លានរៀល និងមិនអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេល ៤ឆ្នាំ។ ក្រៅពីនេះ សម្ភារៈថតរូបរបស់ពួកគេ ដូចជាម៉ាស៊ីនកាមេរ៉ាជាដើម ក៏ត្រូវបានតុលាការដកហូតធ្វើជាសម្បត្តិរដ្ឋផងដែរ។ យ៉ាងណាក៏ដោយ ទោសជាប់ពន្ធនាគារ ៦ខែនោះត្រូវព្យួរមិនអនុវត្តឡើយ។
លោក កូយ សៅ ឲ្យដឹងបន្ថែមថា ពួកគេត្រូវបានចោទប្រកាន់ពីបទមួយចំនួនរួមមាន បទបង្ហាញកេរភេទនៃក្រមព្រហ្មទណ្ឌកម្ពុជា និងបទបង្ហាញរូបភាពអាសអាភាសដែលមានចែងនៅក្នុងច្បាប់ស្ដីពីការ បង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស ជាដើម។
លោក កូយ សៅ បញ្ជាក់ថា មុនចេញសេចក្តីសម្រេចនេះ តុលាការក៏បានថ្លឹងថ្លែង និងមើលទៅតាមបទដ្ឋានអន្តរជាតិផងដែរ។
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា២៤៩ ចែងថា អំពើបង្ហាញកេរភេទដែលនាំឲ្យអ្នកដទៃមើលឃើញនៅក្នុងទីកន្លែងមួយ ដែលសាធារណជនអាចមើលឃើញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យជាប្រាក់ពី ១សែន ទៅ ៥សែនរៀល។
ជុំវិញការកាត់ទោសជនបរទេសនៅពេលនេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង សម្ដែងការអបអរសាទរ។ តែទោះជាយ៉ាងណា លោកថា ទោសនេះហាក់នៅមានកម្រិតទាបនៅឡើយ ដែលអាចធ្វើឲ្យជនបរទេសមួយចំនួនមិនរាងចាលនោះទេ។
ការកាត់ទោសជនជាតិបារាំង ៣នាក់នេះ ធ្វើឡើងគឺនៅស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងប្រតិកម្មចំពោះគេហទំព័ររបស់ក្រុមហ៊ុនចិន ឈ្មោះ វ៉ានីម៉ល (Wanimal) ដែលបានថតរូបស្រីអាក្រាតកាយនៅតំបន់អង្គរកាលពីពេលថ្មីៗនេះ។
លោក ប៉ូ សំណាង មានប្រសាសន៍ថា ដើម្បីបង្ការកុំឲ្យបញ្ហាដដែលនេះកើតឡើង អាជ្ញាធរគួរដាក់បង្ហាញស្លាកសញ្ញានៅតាមច្រកទ្វារចូលទៅកាន់ ប្រាសាទនានា ដើម្បីណែនាំឲ្យភ្ញៀវទេសចរបានដឹង។ លោកជឿជាក់ថា ប្រសិនបើមានបម្រាមហាមឃាត់ត្រឹមត្រូវ ភ្ញៀវទេសចរបរទេសភាគច្រើន នឹងអនុវត្តតាម៕rfa