ខេត្តពោធិ៍សាត់៖មានករណីផ្ទុះអាវុធមួយប្រាវ ខណៈកម្លាំងចម្រុះរួមមានផ្នែករដ្ឋបាលជលផលក្រគរសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាសឹករងខេត្តពោធិ៍សាត់ ចេញល្បាតក្នុងតំបន់អភិរក្សជលផល(កំពង់ប្រាក់) ហើយក៏ប្រទះឃើញជនល្មើសកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍អួនអូសទឹកសាបបង្ក្រាបបានវត្ថុតាង។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឈានដល់ផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលខាងលើនេះ អនុវត្តឡើងកាលពីវេលាម៉ោង៣និង១៦រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ក្នុងកន្លែអភិរក្សជលផល(កំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងថ្លែងថា ខណៈដែលកម្លាំងកំពុងចេញល្បាតយាមកាមការពារ កន្លែងអភិរក្សជលផល(កំពង់ប្រាក់) ក៏ប្រទះឃើញជនមួយក្រុមកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ប្រភេទអួនអូសទឹកសាប ក្នុងនោះកម្លាំងធ្វើការបង្ក្រាបយ៉ាងប្រផាប់ប្រភីងជនល្មើសរត់គេចខ្លួន ដោយបន្សំនូវវត្ថុតាងជាក់ស្ដែងរួមមាន.បាឡាឈើប្រវែង ៨.៥០ម៉ែត្រ.ទទឹងប្រវែង ១.២០ម៉ែត្រ.ជុំរៅ ១.០០ម៉ែត្រ.ភ្ជាមដោយម៉ាសុីនម៉ាក(នីសាន់)កំលាំង ១៨០សេះចំនួន០១គ្រឿង.អួនអូសទឹកសាបមុខទទឹងប្រវែង ៣០ម៉ែត្រ.បណ្ដោយប្រវែង ២៥ម៉ែត្រ.ក្រឡា ០.០២ដល់ ០.០៤មីលីម៉ែត្រចំនួន ០១វង់.ខ្សែសម្រាប់អូសទាញប្រវែងចំនួន ១០០ម៉ែត្រ.ពូថៅចំនួន ០១.កាំបិតចំនួន ០១.ត្រីចំរុះទម្ងន់ចំនួន ៤៥គីឡូក្រាម ចំណែកជនល្មើសបានហក់ចូលទឹករួចមានកាណូតបក្ខពួកមួយគ្រឿងផ្សេងទៀតមករំដោះយក ហើយបើកគេចខ្លួនយ៉ាងលលឿនបាត់ស្រម៉ោល ។ លោក នាយសង្កាត់បន្តថាទៀតថា វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការតាមនីតិវិធី៕