ប្រេ​ស៊ី​ល​តាម​ចាប់​អ្នកទោស​រត់គេចខ្លួន​ប​ន្ទា​ប់​ពី​មាន​អំពើហិង្សា​ក្នុង​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​ប្រេ​ស៊ី​ល​៖​ប៉ូលិស​ប្រេ​ស៊ី​ល​បានចាប់ផ្តើម​ការតាមប្រមាញ់​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ពុធ​សម្រាប់​អ្នកទោស​ជាច្រើន​នាក់​ដែល​បាន​រត់គេចខ្លួន​អំឡុងពេល​អំពើហិង្សា​ក្នុង​ពន្ធនាគារ​មួយ​ដែល​បានបញ្ចប់​ជាមួយនឹង​អ្នកទោស​៥៦​នាក់​ត្រូវបាន​សម្លាប់​ដោយ​គូប្រជែង​របស់​ពួកគេ​ខណៈ​មួយចំនួន​ត្រូវ​កាត់​ក្បាល​។​
​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា អ្នកទោស​១៨៤​នាក់​បាន​រត់​ចេញពី​គុក​ចំនួន​ពីរ​នៅក្នុង​រដ្ឋ Amazonas នៅពេលដែល​ក្រុមបងធំ​គ្រឿងញៀន​មួយ​បានធ្វើការ​សងសឹក​លើ​ក្រុមជើងកាង​គូប្រជែង​។ ក្នុងចំណោម​នោះ មាន​១៣០​នាក់​នៅតែ​រត់គេចខ្លួន​និង​៥៤​នាក់​ត្រូវបាន​ចាប់ខ្លួន​មកវិញ​។​
​ប៉ូលិស​បាន​បិទផ្លូវ​នៅក្នុង​តំបន់​និង​ដាក់ពង្រាយ​ក្រុម​ជាច្រើន​ដើម្បី​តាមរក​អ្នកទោស​ដែល​នៅសល់​។ ប្រធាន​សន្តិសុខ​រដ្ឋ​លោក Sergio Fontes បាន​ប្រាប់​អ្នកកាសែត​ថា “​យើង​សង្ឃឹមថានឹង​ចាប់បាន​អ្នកទោស​សឹងតែ​ទាំងអស់​មកវិញ​នៅត្រឹម​ចុង​សប្តាហ៍​នេះ​”​។​
​អំពើហិង្សា​បាន​ផ្ទុះឡើង​ជាដំបូង​នៅឯ​ពន្ធនាគារ Anisio Jobim Penitentiary ក្នុង​ទីក្រុង Manaus ហើយ​ក្រោយ​ការបះបោរ​បានកើត​ឡើង​នៅឯ​ពន្ធនាគារ​ចំនួន​ពីរ​ផ្សេងទៀត​។​
​អាជ្ញាធរ​បាន​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​លឿន​នៅក្នុង​ការបង្ក្រាប​មួយ​ប៉ុន្តែ​ទោះយ៉ាងណា​មាន​អ្នកទោស​ចំនួន​៧២​នាក់​បាន​រត់គេចខ្លួន​បាត់ទៅហើយ​ចេញពី​វិទ្យាស្ថាន Antonio Trindade Penal ដែល​ស្ថិត​នៅក្បែរនោះ​។​
​ពួកគេ​បាន​ចូលរួម​ជាមួយ​អ្នកទោស​១១២​នាក់​ដែល​បាន​រត់គេចខ្លួន​រួចទៅហើយ​តាមរយៈ​បណ្តាញ​ផ្លូវ​រូង​ក្នុង​ដី​មួយ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ពន្ធនាគារ Anisio Jobim ។​
​ក្រៅពី​អ្នកទោស​ចំនួន​៥៦​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ពន្ធនាគារ Anisio Jobim មាន​អ្នកទោស​បួន​នាក់​ទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​រវាង​អ្នកទោស​នៅ​ពន្ធនាគារ Puraquequara Penitentiary Unit ដែល​ក៏​ស្ថិតនៅក្នុង​រដ្ឋ Amazonas ដូចគ្នា​។​
​សាច់ញាតិ​របស់​អ្នកទោស​ដែល​អស់សង្ឃឹម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​អគារ​កោសល្យ​វិ​ច្ច័​យ​មួយ​ដែលជា​កន្លែង​អ្នកជំនាញ​កំពុងធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​កាលពី​ថ្ងៃ​អង្គារ​៕

1483499316_1-org