អាមេរិក៖ជំនួយការរបស់លោក Clinton និងជំនួយការរបស់លោកស្រី Clinton បានប្រាប់ CNN កាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតី Bill Clinton និងបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦ខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton នឹងចូលរួមការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅចុងខែនេះ។
អតីតប្រធានាធិបតី George W. Bush និងអតីតស្ត្រីទីមួយលោកស្រី Laura Bush ក៏នឹងចូលរួមផងដែរ។ នេះបើយោងតាមការលើកឡើងកាលពីថ្ងៃអង្គារក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យនៃប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៣រូបនេះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកប្រធានាធិបតី George W. Bush និងភរិយានឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីលើកទី៥៨នៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧នៅវិមានកាពីតូលសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ អ្នកទាំងពីរនឹងធ្វើជាសាក្សីនៃការផ្ទេរអំណាចដោយសន្តិវិធីនិងការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី Pence”។
កាលពីមុន លោក Jimmy Carter គឺជាអតីតអគ្គមេបញ្ជាការតែម្នាក់គត់ដែលបាននិយាយជាសាធារណៈថា លោកនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Trump ។ ឪពុករបស់លោក Bush នឹងមិនចូលរួមទេដោយសារតែបញ្ហាសុខភាពរបស់គាត់។ នេះបើយោងតាមអ្នកនាំពាក្យប្រាប់ CNN ។
ការចូលរួមរបស់លោកស្រី Hillary Clinton នឹងក្លាយជានិមិត្តរូបដ៏សំខាន់អំពីការផ្ទេរអំណាចដោយសន្តិវិធីនៅសហរដ្ឋអាមេរិកបើទោះបីជាមានយុទ្ធនាការប្រឆាំងនឹងគ្នាក៏ដោយ។
ទាំងលោកនិងលោកស្រី Clinton បាននិយាយជាមួយលោក Trump ដើម្បីអបអរសាទរចំពោះការទទួលជ័យជម្នះរបស់គាត់។ អ្នកនាំពាក្យរបស់អតីតប្រធានាធិបតី Clinton បាននិយាយថា ពួកគេមិនបាននិយាយគ្នាទេចាប់តាំងពីពេលនោះមក។
គួរបញ្ជាក់ថា លោក Mitt Romney ដែលបានចាញ់ឆ្នោតឆ្នាំ២០១២ក្រោមដៃលោកប្រធានាធិបតី Obama គឺមិនបានចូលរួមការស្បថចូលកាន់តំណែងលើកទីពីររបស់លោក Obama ទេ៕