ម៉ានីល៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសហ្វីលីពីនបានថ្លែងថា ប្រទេសរុស្ស៉ីត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់អាវុធធុនតូច រួមមានកាំភ្លើងខ្លី និងវែងជាដើម ព្រមទាំង យន្តហោះ, ឧទ្ធម្ភាគចក្រ, និងនាវាមុជទឹកមួយចំនួន ហើយនិងសព្វាវុធដទៃៗជាច្រើនប្រភេទទៀតដល់រដ្ឋាភិបាលក្រុងម៉ានីល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួរ ផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅលើនាវាពិឃាត Admiral Tributs របស់ប្រទេសរុស្ស៉ីដែលបានចូលចតនៅកំពង់ផែនៃរដ្ឋធានីម៉ានីលសម្រាប់ដំណើរទស្សនកិច្ចសុច្ឆន្ទៈចាប់ពីថ្ងៃទី០២-០៧ ខែមករា។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រុស្ស៉ីមានសម្ភារៈយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្តល់ឲ្យហ្វីលីពីន ប៉ុន្តែអ្វីៗទាំងអស់ត្រូវធ្វើឡើងដោយអនុលោមតាមច្បាប់អន្តរជាតិទាំងស្រុង៕