សមត្ថកិច្ច​ជំនាញ​ជិត​៥០​នាក់​ជាប់​ពាក់ព័ន្ធ​ការ​ជំរិត​យកលុយ​ពីបទ​ល្មើស​ព្រៃឈើ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2015 ក+ ក-

កំពង់ឆ្នាំង​៖ មន្ត្រី​ជំនាញ និង សមត្ថកិច្ច ប្រមាណ​ជិត​៥០​នាក់ដែល​គេ​សង្ស័យថា បាន​ពាក់​ព័​ន្ទ​និង​ការ​យកលុយ​ពី​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​តាំ​ពី ខេត្តពោធិសាត់ រហូតដល់​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥​ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ​។​

នៅក្នុង​បញ្ជី​ឈ្មោះ​មាន​ជា​អក្សរ​ដែល​វាយ​ដោយ​កុំព្យូទ័រ និង អក្សរ​ដែល​សរសេរ​ដៃ នៅ​ខាងក្រោម​ដែល​នៅក្នុង​បញ្ជី​ឈ្មោះ​នេះ មាន​ដាក់​លេខ​ទូរស័ព្ទ ឈ្មោះ​ស្ថាប័ន និង អាស័យដ្ឋាន​ម្នាក់ៗ​ផងដែរ ដើម្បី​ងាយស្រួល​អ្នករកស៊ី​ល្មើស ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ទាក់ទង​បង់លុយ​ជា​ថ្នូរ និង​ការមិន​ចាប់ចង ។ នៅក្នុង​បញ្ជី​នេះ មានឈ្មោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ចាប់ពី​ស្រុក​វាលវែង ខេត្តពោធិសាត់ រហូតដល់​រាជធានី​ភ្នំពេញ សរុប​ទាំងអស់​ជិត​៥០​នាក់​។​

មាន​មជ្ឈដ្ឋាន​ជាច្រើន​បានលើកឡើង​ថា កន្លងទៅនេះ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ បានធ្វើ​ចរាចរ​ណ៌​តាមផ្លូវ​ជាតិ​លេខ​៥​ស្ទើ​តែ​ខូច​ផ្លូវ​ទៅហើយ ប៉ុន្តែ​គេ​ពុំដែល​ឃើញ សមត្ថកិច្ច​ដែល​នៅ​ហូរហែ​តាមផ្លូវ​នោះ​ចាប់បាន​រថយន្ត​ទាំងនេះ​ទេ ត្រាតែ​រថយន្ត​ដឹកឈើ​មិន​បង់លុយ ឬ ក្រឡាប់​ក្អួត​ចេញ​ឈើ ទើប​គេ​នាំគ្នា ស្ទាក់ចាប់ និង ទៅ​ដណ្តើមយក​វត្ថុតាង​។​

បញ្ជី​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទាំងនេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​សមត្ថកិច្ច​ចាប់បាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​មួយក្រុម​បាន ស្ទាក់ចាប់​រថយន្ត​ដឹក​គ្រឿងសង្ហារិម មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​ភ្នំពេញ 2D-2820 នៅត្រង់ចំណុច​ស្ពាន​ជ្រៃ​បាក់ ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

នៅលើ​រថយន្ត​នេះ ពិនិត្យឃើញ ឈើ​ម្រះព្រៅភ្នំ​២​បន្ទះ​ធំ​ដែល​កែច្នៃ​រួច​ជា​តុ​។ តុ​ធ្នង់​មូល​២​បន្ទះ ពក​ម្រះព្រៅ​១​ច្នៃ​ជា​តុ​ទ្វារ​ធ្នុង​៦​សន្លឹក គ្រែ​១​ដែល​គេ​កែច្នៃ​រួច​។ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ឲ្យ​ដឹងថា មាន​ក្រដាស់ ដែលជា​បញ្ជី​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទាំង​នោះឡើយ ហើយក៏ មិនបាន​បញ្ចេញ​បញ្ជី​ឈ្មោះ​មន្ត្រី​ទាំងនោះ​ដែរ​ទេ​។​

រហូតដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ ស្រាប់​តែមាន​គេ​ទម្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ និង ការយក​លុយ​ពី​ឡាន​ដឹកឈើ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​ខេត្តពោធិសាត់ ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​អោយដឹង​តែម្តង​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក ប៉ុល វុទ្ធី បាន​បញ្ជាក់ថា​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ការយក​លុយ​ពី​រថយន្ត​ដឹកឈើ​នោះ​គឺមាន​មែន​ដែល​សមត្ថកិច្ច​បាន​រកឃើញ​នៅ ក្នុ​រថយន្ត​ដឹក​គ្រឿងសង្ហារិម​៕
ឈើ