លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ​កំពុង​ប្រឈម​ការ​គំរាម​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

ខេត្តក្រចេះ​៖​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ ជាច្រើន​គ្រួសារ​កំពុង​រង​ការ​គម្រាមកំហែង​យ៉ាងខ្លាំង​ពី​ការបាក់​ច្រាំងទន្លេ ដែល​ពួកគាត់​ថា អាចមកពី​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុស​បច្ចេកទេស នៅក្បែរ​លំនៅដ្ឋាន​ទាំងនោះ​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម​ខ្សាច់​នេះ គឺជា​របស់លោក រស់ ចិន្តា ដែល​មើលទៅ​គឺ​អនុវត្ត​ខុស​ស្តង់ដា​បច្ចេកទេស ដែល​ច្បាប់​បានកំណត់ ហើយ​ទីតាំង​បូម​ខ្សាច់​នោះ លោក រស់ ចិន្ដា បាន​បូម​ដាក់​លើដី​ឡូត៍​មួយកន្លែង ដែលជា​ដី​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ទៀតផង​។​
​ដី​ឡូ​នេះ​ទៀតសោត កន្លងមក​គេ​ឃើញ​ដាក់​គ្រឿងចក្រ​របស់​មន្ទីរ តែ​មិនដឹងថា លោក រស់ ចិន្ដា មាន​ទំនាក់ទំនង​យ៉ាងម៉េច​ជាមួយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទើប​លោក ស្រេង ស្រស់ ផ្ដល់​ដី​នោះ​ឲ្យ​ទៅ​លោក រស់ ចិន្ដា ធ្វើជា​ទីតាំង​ស្តុក​ខ្សាច់​ទៅវិញ​។​
​ប្រជាពលរដ្ឋ​បាន​បន្តថា អាជីវកម្ម​បូម​ខ្សាច់​របស់លោក រស់ ចិន្ដា មិន​ត្រឹមតែ​គម្រាមកំហែង​ដល់​ការបាក់​ស្រុត​ច្រាំងទន្លេ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រថយន្ដ​ធំៗ​ដឹក​ខ្សាច់​បណ្ដាល​ឲ្យ​ខូច​ផ្លូវ ក្នុងភូមិ​របស់​ពួកគាត់​ទៀត ហើយ​ការ​ជញ្ជូន​ខ្សាច់​ចេញពី​ទីតាំង​ស្តុក​ខ្សាច់​នោះ ពេលខ្លះ​ការដឹកជញ្ជូន​មិនបាន​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ធ្វើ​ឲ្យ​ហុយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើ​តាម​ដងផ្លូវ និង​បរិស្ថាន​ថែមទៀត​។​
​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​បានស្នើ​យ៉ាងទទូច​ទៅ​អាជ្ញាធរ ក៏​ដូច​មន្ទីរជំនាញ មេត្តា​ចុះមក​ត្រួត​ពិនិត្យមើល និង​ទប់ស្កាត់​ផង បើ​នៅតែ​បណ្ដោយ​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង​នេះ​ទៀត ច្រាំងទន្លេ​នឹង​បាក់​ជាក់​ជាមិនខាន ព្រោះ​កន្លងមក​ក៏​ធ្លាប់មាន​ការបាក់​ច្រាំងទន្លេ នៅ​ភូមិ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ភូមិ​ឈើទាល​ភ្លោះ ស្រុក​ឆ្លួ​ង ខេត្តក្រចេះ រួចហើយ​ដែរ៕

img-20170105-wa0048img-20170105-wa0047