តួកគី៖អភិបាលខេត្តបាននិយាយថា មន្ត្រីប៉ូលិសម្នាក់ និងបុគ្គលិកតុលាការម្នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារដែលបានកើតឡើងនៅជិតតុលាការមួយកន្លែងក្នុងស្រុក Bayrakli នៅក្នុងទីក្រុង Izmir នៅភាគខាងលិចនៃប្រទេសតួកគី ខណៈដែលឃាតករ២នាក់ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ផងដែរ។
អភិបាលខេត្តរូបនោះបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធឃើដសង្ស័យបានបើកការបាញ់ប្រហារទៅលើមន្ត្រីប៉ូលិសដែលបានព្យាយាមបញ្ឈប់រថយន្តពួកគេនៅកន្លែងត្រួតពិនិត្យនៅក្នុងទីក្រុង Izmir នៅភាគខាងលិចនៃប្រទេសតួកគី ហើយពួកគេបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តពួកគេតែម្ដង។ បន្ទាប់មកប៉ូលិសក៏បានរកឃើញរថយន្តមួយគ្រឿងទៀតនៅជិតកន្លែងកើតហេតុនោះដែលគេបម្រុងនឹងធ្វើការបំផ្ទុះបន្ថែមទៀតផងដែរ ហើយត្រូវបានប៉ូលិសដោះគ្រាប់បែកនោះដោយសុវត្ថិភាព។
ការវាយប្រហារនេះកើតឡើងរយៈពេល១ថ្ងៃក្រោយពីប៉ូលិសបានចាប់ឃាត់ខ្លួនមនុស្សចំនួន២០នាក់នៅក្នុងទីក្រុងនេះដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយអ្នកវាយប្រហារនៅក្លឹបរាត្រីមួយកន្លែងដែលរហូតមកដល់ពេលនេះប៉ូលិសមិនទាន់បានចាប់ខ្លួននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះមានការវាយប្រហារមួយនៅក្លឹបកម្សាន្តរ៉េណាដែលជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូលដោយបានសម្លាប់មនុស្សចំនួន៣៩នាក់៕