មន្ត្រី​ក្រសួង​ព័ត៌មាន​ឆ្លើយតប​ចំពោះ​ការរិះគន់​របស់​អ្នកសារព័ត៌មាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បណ្តាញសារព័ត៌មាន​មួយចំនួន នាពេល​ថ្មីៗ​នេះ បានធ្វើការ​រិះគន់​ទៅលើ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ក្នុងការ​ជ្រើសរើស​អ្នកសារព័ត៌មាន​ចូលរួម​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមករា ខាងមុខនេះ ។​
​យោងតាម​អត្ថបទ​ដែល​បាន​ផ្សព្វផ្សាយ​ខ្លីៗ តាមរយះ​ប្រព័ន្ធ​អន​ឡាញ​និង​វេ​ប​សាយ​អ្នកសារព័ត៌មាន​បាន​ហៅ​ចំណាត់ការ​នៃ​ការជ្រើសរើស​អ្នកសារព័ត៌មាន​ឲ្យ​ចូលជួប​សម្តេច ហ៊ុន សែន នោះ​ថា បានបង្ហាញ​នូវ​ភាព​រើសអើង ខណដែល​អ្នកខ្លះ​បាន​ចូល ហើយ​អ្នក​ខ្លះទៀត​អត់​បាន​ចូល ។ ពួកគេ​ថែមទាំង​សង្កត់ធ្ងន់ថា រាល់​អាជ្ញាប័ណ្ណ ឬ​ច្បាប់​អនុ​ញ្ញា​ត្តិ​ឲ្យ​ចេញផ្សាយ​សារព័ត៌មាន​គឺ​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជា​អ្នកចុះហត្ថលេខា​ដូចគ្នា ។ ដូច្នេះ​ពួកគាត់​មាន​សិទ្ធិ​ស្មើគ្នា ហើយ​បើ​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​គឺ​បាន​ចូល​ទាំងអស់គ្នា ។​
​លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយតប​ភ្លាមៗ ចំពោះ​ការរិះគន់​ច​ខាងលើនេះ ដោយ​លោក​បញ្ជាក់ថា ក្រសួង​មាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​ជ្រើសរើស​អ្នកសារព័ត៌មាន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល​របស់​សម្តេច ហ៊ុន សែន ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ខាងមុខ ។​
​លោក ផុស សុវណ្ណ បញ្ជាក់ថា យើង​មិនអាច​ជ្រើស​យក​អ្នកសារព័ត៌មាន​ទាំងអស់​ឲ្យ​ចូលរួម​នោះទេ ព្រោះ​ចំនួន​អ្នកចូលរួម​មានកំណត់ ។ ដូច្នេះ​តាម​គោលការណ៍​ក្រសួង​នឹង​ជ្រើសរើស​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ឬក៏​សមាគម​សារព័ត៌មាន​នីមួយៗ តែ​ម្នាក់​ឬ​២​នាក់​ប៉ុណ្ណោះ ហើយ​យកតែ​ស្ថាប័ន​សារព័ត៌មាន​ដែល​ស្ថិតក្នុង​លក្ខ​ខ័​ណ្ឌ ឬ​គោលការណ៍​របស់​ក្រសួង​ដូចជា ស្ថាប័ន​វិទ្យុ ដែលមាន​កម្លាំង​ផ្សាយ 5KW គឺ​យើង​មិន​ជ្រើសរើស​នោះទេ ។​
​លោក​អគ្គនាយក​ថែមទាំង​បញ្ជាក់ថា អ្នកសារព័ត៌មាន ដែល​បាន​រិះគន់​ក្រសួង​នោះ​គឺ មិន​ច្បាស់​ថា គាត់​មិនបាន​ចូលរួម​នោះទេ ព្រោះ​ក្រសួង​កំពុងតែ​ជ្រើសរើស យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ជៀសវៀង​ការរិះគន់ ។ ប៉ុន្តែ​វា​ក៏​មិន​ចៀស​ផុតពី​ការរិះគន់​ខ្លះៗ នោះដែរ ។​
​យ៉ាងណាក៏ដោយ លោក​អះអាងថា ក្រសួង​នឹងធ្វើ​កិច្ចការ​នេះ​ឲ្យ​មាន​តម្លាភាព​បំផុត ហើយ​សុំ​ឲ្យ​អ្នកសារព័ត៌មាន​ទុកចិត្ត និង​យល់យោគ​ដល់​ចំណាត់ការ​ឬ​គោលការណ៍​របស់​ក្រសួង​ព័ត៌មាន ។​
​សូមជម្រាបថា នៅក្នុង​វេទិកា​និពន្ធ​នាយក សារព័ត៌មាន​លើក​ទី​១៣ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែធ្នូ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានប្រកាសថា សម្តេច ហ៊ុន សែន នឹងមាន​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន ជា​រៀងរាល់ឆ្នាំ ដោយ​កំណត់​យក​ថ្ងៃទី​១៤ មករា ដើម្បី​ការជួប​ជុំនោះ៕

1