រុស្ស៊ីចាប់ផ្តើមដកទ័ពចេញពីប្រទេសស៊ីរីបណ្តើរៗហើយ
មូស្គូ៖មេបញ្ជាការយោធារុស្ស៊ីបាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរីជាបណ្ដើរៗហើយ ដោយក្នុងនោះកងនាវាដឹកយន្ដហោះចម្បាំងនឹងត្រូវចាកចេញមុនគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
ការប្រកាសរបស់ប្រមុខយោធារុស្ស៊ី លោក Valery Gerasimov ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី និងតួកគីបានឈានដល់កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ នៅទូទាំងប្រទេសស៊ីរី។ លោក Valery Gerasimov បានបញ្ជាក់ដូច្នេះថា ក្រសួងការពារជាតិបានសម្រេចចិត្តចាប់ផ្ដើមកាត់បន្ថយចំនួនកងទ័ពនៅលើទឹកដីស៊ីរី។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៦ រុស្ស៊ីក៏ធ្លាប់បានប្រកាសពីការដកកងទ័ពផងដែរ ក៏ប៉ុន្តែទីក្រុងមូស្គូ នៅតែបន្តដឹកនាំការវាយប្រហារតាមផ្លូវអាកាសដដែល៕