ខេត្តសៀមរាប៖ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក សំ ប៊ុនពៅ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧បានសម្រេចឃុំខ្លួនឃាតករដៃឆៅដែលចូលអារ-ក សម្លាប់ជនរងគ្រោះ៣នាក់ដល់ក្នុងបន្ទប់ជួល ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។
គួរបញ្ជាក់ថា ហេតុការណ៍ឃាតកម្មដ៏សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងហេតុការណ៍ឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា៕