បង្ក្រាប​ក្រុមចោរប្លន់​៧​នាក់​​ប្លន់​ផ្ទះ​លក់​ស្រូវ​នៅ​ខេត្តកំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2017 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាកា​ចំនួន​៧​នាក់ ដែលជា​ក្រុម​ប្លន់​ផ្ទះ​លក់​ស្រូវ ព្រមទាំង​ដកហូត​បាន​អាវុធ​ចំនួន​២​ដើម​ទៀតផង ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កិច្ចសហការ​បង្ក្រាប​នោះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង៉េ​ង ជួរ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ដែល​សម​ត្ត​កិច្ច​ចាប់ខ្លួន​ទាំង​៧​នាក់​មាន ១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកកាន់កាំភ្លើង​ភ្ជង់ និង​បាញ់​ជនរងគ្រោះ​, ២-​ឈ្មោះ ស៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នកប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់ , ៤-​ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​ឌុប​បក្សពួក​ទម្លាក់​គោលដៅ​ធ្វើ​សកម្មភាព​, ៥.​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកដើរ​ស៊ើប​មើល​ផ្ទះ​ជនរងគ្រោះ ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព និង ៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកធ្វើ​សកម្មភាព ។​
​ប្រភពព័ត៌មាន​បន្តថា ក្រៅពី​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅមាន​សមាសភាព​៤​នាក់​ទៀត​កំពុង​គេចខ្លួន ក្នុងនោះ​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នកកាន់កាំភ្លើង​អាការ​បាញ់សម្លាប់​ជនរងគ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង ។​
​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវបាន​សមត្ថ​កិច្ចសហកា​រ​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែលជា​កន្លែង​ពួកគេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់ទុក​អាវុធ​អាកា​២​ដើម​នោះ ។​
​ក្រោយពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួកគេ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែមទៀត ។​
​គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រុមចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ និង​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម ព្រមទាំង​កណ្ដៀវ​ច្រូតស្រូវ​ផង បាន​ចូលធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ ដោយពេល​ទៅដល់​ពួកចោរ​ខាងលើ​បាន​ចាប់​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​២​នាក់​ទៀត​ចងស្លាបសេក ព្រមទាំង​យក​ស្កុ​ត​បិទមាត់​ជាប់​មិន​ឲ្យ​ស្រែក រួច​វាយ​បង្ខំ​ឲ្យ​យក​ទ្រព្យសម្បត្តិ​មានតម្លៃ និង​លុយ​កា​កាក់​ឲ្យ​ពួកគេ មិនតែប៉ុណ្ណោះ​នៅក្នុង​ពេលនោះ​ក្រុមចោរ​បាន​បាញ់​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ ២​គ្រាប់​រងរបួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ជនរងគ្រោះ​រូបនេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម ចូលទៅ​ជួយ​ម្ចាស់ផ្ទះ​ដែលជា​ប្អូន ។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ ប្ដី​ឈ្មោះ កែម កន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ភី ធឿន អាយុ​៣៨​ឆ្នាំ ពួកគាត់​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាតតូច​មួយ ម៉ាស៊ីនបោកស្រូវ​១​គ្រឿង និង​មាន​ចិញ្ចឹម​ជ្រូក​ផងដែរ ។ ចំណែក​ប្រជា​ការពារ​ភូមិ​រងគ្រោះ​ឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុ​ជាង​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា ៕

img-20170108-wa0008