រាជធានីភ្នំពេញ៖ទោះបីជាតួលេខនៃការឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀន ដែលរហូតមកដល់ពេលនេះ មានរហូតដល់ជាង៧០០នាក់ បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការក្នុងទូទាំងប្រទេសពីថ្ងៃទី០១មករា ឆ្នាំ២០១៧ ប៉ុន្តែប្រតិបត្តិការនោះកំពុងរងនូវការរិះគន់យ៉ាងខ្លាំងផងដែរពីប្រជាពលរដ្ឋ។
តាមសំដីពលរដ្ឋលើកឡើងថា ពួកគាត់គាំទ្រប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងទូទាំងប្រទេស ព្រោះគ្រឿងញៀនកំពុងតែបំផ្លាញសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែប្រតិបត្តិការមួយរយះនេះ គេហាក់ដូចជាបានកត់សម្គាល់ថា សមត្ថកិច្ចបង្ក្រាបបានតែអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនតូចតាចឬកំប៉ិកកំប៉ុកប៉ុណ្ណោះ។
ពលរដ្ឋបានលើកឡើងទៀតថា មេក្លោងគ្រឿងញៀនធំៗ ឬកន្លែងប្រើប្រាស់គ្រឿងញៀនជាអចិន្ត្រៃនិងចំហរ មិនទាន់ត្រូវបានគេបង្ក្រាបនិងបង្ហាញមុខនៅឡើយ ហើយរូបភាពនោះត្រូវបានគេសង្ស័យថា ប្រតិបត្តិការនោះអាចនឹងមិនទទួលបានជោគជ័យនោះឡើយ។
ពលរដ្ឋបញ្ជាក់ថា អ្នកជួញនិងអ្នកជក់តូចតាចនោះអាចថា គ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ ។ ចំណែកអ្នកជួញដែលជាមេក្លោងធំៗ ឯណោះទើបជាមុខសញ្ញាដែលត្រូវបង្ក្រាបមុនគេ ព្រោះថា បើបង្ក្រាបពួកមេក្លោងបាននោះ ប្រាកដណាស់អ្នកជួញដូរ ឬអ្នកញៀនតូចតាចវានឹងរលាយទៅដោយស្វ័យប្រវត្តិ។ ដូច្នេះសំណួរសួរថា តើហេតុអ្វីក៏ប្រតិបត្តិការនោះមិនសំដៅទៅមេក្លោងជួញដូរគ្រឿងញៀនគ្រាគ់ៗ ដែលកន្លងមកគេតែងតែល្បីថា មេខ្លោងទាំងនោះពាក់ផ្កាយដាបស្មាឯណោះ។
ចំណែកទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយចំហរនោះគឺកន្លែងក្លិបកំសាន្តតែម្តង ខណដែលទីនោះប្រមូលប្តុំទាំងអ្នកជួញនិងអ្នកជក់តាមរយះម្ចាស់ក្លិបទាំងអស់នោះ ។ ចំណែកសមត្ថកិច្ចជំនាញមិនអាចនិយាយថា មិនដឹងក្លិបទាំងនោះជាកន្លែងចរាចរឬកន្លែងជួបជុំជក់គ្រឿងញៀននោះឡើយ ព្រោះថា ពលរដ្ឋណាក៏ដោយដឹងរឿងជួញរឿងជក់នៅក្នុងក្លិបកំសាន្តទាំងអស់នោះដែរ ហើយបើសមត្ថកិច្ចមិនដឹងគឺអន់ណាស់។
ផ្តើមពីនោះពលរដ្ឋអំពាវនាវសុំឲ្យសមត្ថកិច្ចបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនជាមុនសិន ទើបអាចកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសបាន ។ ចំណែកតាមក្លិបកំសាន្តត្រូវតែបង្ក្រាបផងដែរ ព្រោះក្លិបកំសាន្តទាំងអស់នោះជាសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនដ៏សកម្មនិងគ្រោះថ្នាក់ជាងគេបំផុត៕