ប៉េកាំង៖កាសែតរដ្ឋរបស់ចិន Global Times បានព្រមានប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹង “សងសឹក” ប្រសិនបើលោក Trump បំភ្លេចពាក្យសន្យាលើគោលនយោបាយចិនតែមួយ។ ការព្រមាននេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីតៃវ៉ាន់ធ្វើដំណើរឆ្លងកាត់ទីក្រុង Houston ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបសមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកក្នុងពេលឈប់សំណាក់របស់លោកស្រីក្នុងទីក្រុង Houston អំឡុងដំណើរឆ្ពោះទៅអាមេរិកកណ្តាលដែលលោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសហុងឌូរ៉ា នីការ៉ាហ្គួ ហ្គាតេម៉ាឡានិង អែលសាល់វ៉ាឌ័រ ។
រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើដល់ក្រុងវ៉ាស៊ីនតោនកុំអនុញ្ញាតឲ្យលោកស្រី Tsai ចូលសហរដ្ឋអាមេរិកនិងថា លោកស្រីមិនមានកិច្ចប្រជុំរបស់រដ្ឋាភិបាលជាផ្លូវការណាមួយទេនៅក្រោមគោលនយោបាយចិនតែមួយ។
បទវិចារណកថារបស់កាសែត Global Times បានឲ្យដឹងថា “ការធ្វើឲ្យខុសគោលការណ៍ចិនតែមួយគឺមិនមែនជាអ្វីដែលចិនចង់បាននោះទេប៉ុន្តែសហរដ្ឋអាមេរិកគឺមានកាតព្វកិច្ចមួយត្រូវរក្សាទំនាក់ទំនងចិន-អាមេរិកនិងគោរពអ្វីដែលមានស្រាប់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
លោក Trump បានបង្កឲ្យមានការតវ៉ាពីទីក្រុងប៉េកាំងកាលពីខែមុនដោយការនិយាយទូរស័ព្ទអបអរសាទរជាមួយលោកស្រី Tsai និងការចោទសួរពីគោលជំហរយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថាតៃវ៉ាន់គឺជាផ្នែកមួយនៃគោលការណ៍ចិនតែមួយ។ លោកបាននិយាយថា លោកនឹងមិនជួបជាមួយលោកស្រី Tsai ទេ។
កាសែត Global Times បានលើកឡើងទៀតថា ទីក្រុងប៉េកាំងគ្មានអារម្មណ៍ត្រេកអរទេចំពោះលោក Trump ដែលមិនបានជួបលោកស្រី Tsai ប៉ុន្តែបានបន្ថែមថា “ប្រសិនបើលោក Trump បំភ្លេចសន្យាលើគោលនយោបាយចិនតែមួយបន្ទាប់ពីឡើងកាន់អំណាចនោះ ប្រជាជនចិននឹងទាមទារឲ្យរដ្ឋាភិបាលសងសឹក។ គ្មានអ្វីសម្រាប់ការចរចាទេ”៕