លោក Trump តែងតាំង​កូនប្រសា​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​អាមេរិក​៖​កាលពី​ថ្ងៃ​ចន្ទ លោក Donald Trump បានតែងតាំង​កូនប្រសា​ប្រុស​ឈ្មោះ Jared Kushner ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សេត​វិមាន​ដោយសារតែ​គំនិត​ដ៏​ទូលំទូលាយ​នៅ​ពីក្រោយ​ការ​ឈ្នះឆ្នោត​របស់គាត់​ប៉ុន្តែ​បាន​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ច្បាប់ និង​សីលធម៌​។​
​អ្នក​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​និង​ជា​អ្នក​បោះ​ពុ​ម្ភ​ទស្សនា​វ​ដ្តី​វ័យ​៣៦​ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​សមាជិក​កំពូល​ក្មេង​បំផុត​នៃ​រដ្ឋបាល​នេះ​ដោយ​នឹងត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយអគ្គសេនាធិកា​រ Reince Priebus និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ Steve Bannon ។​
​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​គណបក្ស​សាធារណរដ្ឋ​បានប្រកាសថា “Jared បាន​ក្លាយជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​និង​ជាទី​ប្រឹក្សា​គួរ​ឲ្យ​ជឿទុកចិត្ត​ក្នុង​យុទ្ធនាការ​និង​ក្នុង​ក្រុម​រៀបចំ​ការផ្ទេរអំណាច​ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានដាក់​គាត់​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ​មួយរូប​ដ៏​សំខាន់​នៅក្នុង​រដ្ឋបាល​របស់ខ្ញុំ​”​។​
​ការតែងតាំង​នេះ​ត្រូវបាន​ប្រកាស​ពីរ​ថ្ងៃមុន​ពេលដែល​លោក Trump នឹងត្រូវ​ធ្វើ​សន្និសីទកាសែត​របស់លោក​ជា​លើកដំបូង​ចាប់តាំងពី​ការបោះឆ្នោត​នៅក្នុង​ខែវិច្ឆិកា​ដែល​ក្នុងនោះ​លោក​នឹង​លម្អិត​អំពី​ផែនការ​សម្រាប់​ក្រុម​របស់គាត់​និង​ជម្លោះ​សក្តានុពល​ខណៈពេលដែល​លោក​កាន់តំណែង​សេត​វិមាន​។​
​លោក Kushner ដែល​បាន​រៀបការ​ជាមួយ​កូនស្រី​ច្បង​របស់លោក Trump គឺ​នាង Ivanka គឺជា​មេខ្លោង​នៃ​ទិន្នន័យ​ដែល​ជំរុញ​យុទ្ធនា​ការដែល​បាន​ជួយ​លោក Trump ឲ្យ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​។​
​ក្រុម​រៀបចំ​ការផ្លាស់ប្តូរ​អំណាច​បាន​ឲ្យ​ដឹងថា លោក Kushner ដែល​ទស្សនា​វ​ដ្តី Forbes ប៉ាន់ប្រមាណ​ថា​មាន​ទឹកប្រាក់​១.៨​កោដិ​ដុល្លារ​ជាមួយ​ឪពុកម្តាយ​និង​ប្អូនប្រុស​របស់គាត់​នោះ​គឺ​នឹង​លះបង់​ចោល​ប្រាក់ខែ​របស់គាត់​ខណៈ​កាន់តំណែង​។​
​ច្បាប់​សហព័ន្ធ​ដែល​បានអនុម័ត​បន្ទាប់ពី​លោក​ប្រធានាធិបតី John F. Kennedy តែងតាំង​ប្អូនប្រុស​របស់លោក​ជា​អគ្គ​រដ្ឋអាជ្ញា​នោះ​គឺ​បាន​ហាមឃាត់​ប្រធានាធិបតី​ណាមួយ​ពី​ការតែងតាំង​សាច់ញាតិ​៕

fn-2017-01-10-09-39-15-0