ខេត្តស្ទឹងត្រែង៖ពិតជារឿងដ៏ចម្លែក ខណៈដែលនារីម្នាក់លង់ទឹកអស់រយៈ៦ម៉ោង រួចផុសមករស់ឡើងវិញ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។
នារីរងគ្រោះមានឈ្មោះ ថែង ជីឡា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។ ឱពុកឈ្មោះ ផែង ថង ថែងអាយុ៤២ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ឃឿង យ៉ាន់អាយុ៤១ឆ្នាំ មុខរបរកសិករស់នៅភូមិកំភុន។
ប្រជាលរដ្ឋរស់នៅក្បែរខាងបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ក្មេងស្រីដែលបានលង់ទឹកទន្លេតាំងព្រឹកម៉ោង១១ថ្ងៃត្រង់ ហើយការមុជទឹករាវរកក្មេងស្រីរងគ្រោះនោះអស់រយៈជាច្រើនម៉ោងតែនៅរកមិនឃើញសោះ។ ប្រភពបន្តថា រហូតមកដល់ម៉ោង៤ និង៣០នាទីល្ងាចថ្ងៃដដែលក៏ស្រាប់តែនារីដែលបានលង់ទឹកនោះក៏ផុសពាក់កណ្ដាលខ្លួនឡើងធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង។
ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា នារីរងគ្រោះបានផុសពាក់កណ្ដាលខ្លួននៅក្នុងស្ថានភាពមិនដឹងខ្លួន ហើយក៏បានក្រុមគ្រួសារដឹកយកមកមណ្ឌលសុខភាពកំភុនដើម្បីជួយសង្គ្រោះ ប្រហែលជា១៥នាទីក្រោយមកនារីរងគ្រោះក៏ដឹងខ្លួនឡើងវិញ។
បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថា មានពស់ពីរក្បាលមកយកនាងទៅលេងអស់រយៈពេល៥ទៅ៦ម៉ោងរួចក៏អោយនាងត្រលប់មកវិញ។ ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា រឿងនេះគឺជាលើកទី១ហើយដែលបានកើតឡើងហើយក៏ជារឿងចម្លែកមួយដែលនៅក្នុងភូមិរបស់ពួកគាត់មិនដែលមានទាល់តែសោះ៕