ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីកណ្តាលក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកពាក់ពន្ធ័ចំនួន៥នាក់បញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។
លោកឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះកម្លាំងការិយាល័យជំនាញបានចុះបង្ក្រាបទីតាំងលេងល្បែងហ្គេមបាញ់ត្រីចំនួន២កន្លែងនៅក្នុងក្រុងបាត់បាត់ដំបងដែលលួចលាក់បើកការលេងល្បែងផ្ទុយនិងច្បាប់ជ្រកកោនក្រោមផ្លាកខារ៉ាអូខេជាលក្ខណះគ្រួសារ។
ប្រតិបត្តិការបង្ក្រាបនេះលើគោលដៅក្នុងក្លឹបខារ៉ាអូខេKTVក្បែរផ្សារបឹងឈូកនិងមួយកន្លែងទៀតឋិតនៅចំនុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនបានម្ចាស់អ្នកបើកហ្គេមចំនួន២នាក់ឈ្មោះស៊ាំ វៃឃឿន ភេទប្រុស អាយុ២៩ឆ្នាំ ឈ្មោះហយ រក្សា ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិអញ្ចញ សង្កាត់អូរចា ក្រុងបាត់ដំបងនិងអ្នកលេងហ្គេមចំនួន៣នាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌នៃស្នងការនគរបាលខេត្តបានអោយដឹងដែរថា ម្ចាស់លួចលាក់បើកទូរហ្គេមខាងលើអាចប្រឈមនិងការបញ្ជួនបន្តរទៅកាន់តុលាកាចំណែកជនប្រព្រឹត្តិតម្រូវអោយធ្វើកិច្ចសន្យាបញ្ឍប់និងទទួលការអប់រំណែនាំ។
លើគោលដៅបង្ក្រាបទាំង២កន្លែងកម្លាំងសមត្ថកិច្ចរឹបអូសបានទូរហ្គេមចំនួន៤ទូរ កុំព្យួទ័រចំនួន២គ្រឿង ក្បាលកាម៉ារ៉ា១ តុ កៅអីនិងកង្ហាមួយចំនួនផងដែរ៕