ដោយ៖ប៉ែន សុផល
បាត់ដំបង៖សមត្ថកិច្ចខេត្ដបាត់ដំបងដឹកនាំដោយលោក ប៉ង់ ចាន់សុយុទ្ធារា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះបានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា បានផ្តល់ទីកន្លែង ប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយអោយដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧វេលាម៉ោង២៣-២០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងបង្ការបង្ក្រាបរួមនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់ រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំណុចខារ៉ាអូខេ យីហោ ដឺសោន ហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកនិយាយទៀតថា៖នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់៖ ទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរ ពិទូ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖ថ្នាញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម។ ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២។ ថ្នាំអំពូល Diazepam ចំនួន២អំពូល។
ថ្នាំគ្រាប់ ZEPAM ចំនួន១៦បន្ទះ និងសម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើរួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
គ្រាន់តែច្រៀងខារ៉ាអូខេសោះជាប់ជុចប៉ូលិសដែរ