បញ្ជី​ឈ្មោះ​មន្ត្រី​ប៉េអឹម ប៉ូលិស មេព្រៃ យកលុយ​ពី​ឈ្មួញ​ឈើ អាច​ស្ថិតក្នុង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2015 ក+ ក-

ភ្នំពេញ​: បញ្ជី​ឈ្មោះ​មន្ត្រី​ប៉េអឹម ប៉ូលិស​សេដ្ឋកិច្ច មេព្រៃ បរិស្ថាន និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ​ជិត ៥០ នាក់ ឃុបឃិត​គ្នា​ជា​បណ្តាញ​ត្រូវបាន​លាតត្រដាង​ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​អំពើ ពុករលួយ យកលុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើប្រណិតៗ ដឹក​ចេញពី​តំបន់​ក្រវ៉ា​ញ ខេត្តពោធិសាត់​ឆ្ពោះ​ចូលមក​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។​

​នៅក្នុង​បញ្ជី​ឈ្មោះ​ដែល​សមត្ថកិច្ច​បាន​ដកហូត​បាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ គឺមាន​ដាក់ឈ្មោះ អង្គភាព និង​លេខ​ទូរស័ព្ទ មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់នោះ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ជាពិសេស​កុំ​ឲ្យ​មានការ​បង្ក្រាប​សកម្មភាព​ដឹកឈើ​របស់​ពួកគេ​។​

​ការ​បែកធ្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ប៉េអឹម ប៉ូលិស​សេដ្ឋកិច្ច មេព្រៃ បរិស្ថាន និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ប្រមាណ​ជិត ៥០​នាក់ គឺ​បន្ទាប់ពី​ប៉ូលិស​បាន​ចាប់​ឡាន​ក្រុម​ឈ្មួញ​ឈើ​នៅត្រង់ចំណុច​ស្ពាន​ជ្រៃ​បាក់ ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​។​

​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុងការ​យកលុយ​ពី​ក្រុម​ឈ្មួញ​ឈើ មានដូចជាៈ មេ​ប៉េអឹម​ស្រុក​ក្រវ៉ា​ញ មេ​ប៉េអឹម​ស្រុក​វាលវែង មេ​ប៉េអឹម​ស្រុក​កំពង់​លួង អធិការ អធិការរង​ស្រុក​វាលវែង មេព្រៃ​ក្រគរ មេព្រៃ​ក្រវ៉ា​ញ មេព្រៃ​ច្រ​លាច មេព្រៃ​ពោធិសាត់ ប៉ូលិស​សេដ្ឋកិច្ច​ឧ​ត្តុ​ង្គ ព្រែក​ក្តាម មេព្រៃ​ព្រែក​ក្តាម មន្ត្រី​បរិស្ថាន និង​ម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មេ​ប៉េអឹម​ស្រុក​កំពង់​លួង បានធ្វើការ​បដិសេធថា លោក​មិនដែល​បានទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះទេ ហើយក៏​មិនដែល​ស្គាល់​ឈ្មួញ​ឈើ​ដែរ​។​

​ចំណែក​លោក​អធិការ​ស្រុង​វាលវែង បាន​អះអាងថា “​ខ្ញុំ​អត់​ដឹង​ទេ អត់​ដែល​បានដាក់​គោលដៅ​កាក់​ឡាន​ឈើ​យកលុយ​ទេ សូម​បដិសេធ​…”​។​

​មេព្រៃ​កំពង់ត្រឡាច ក៏បាន​បដិសេធ​ដែរ​ថា លោក​អត់​ដែល​បានទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ឈើ​ទេ​។​

​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហើប​ឲ្យ​ដឹងថា ចំពោះ​ករណីនេះ គឺ​ខាង​អាវុធហត្ថ​កំពុងតែ​ត្រួត​ពិនិត្យមើល​រឿងនេះ​ថា តើ​មន្ត្រី​អាវុធហត្ថ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​របស់​ឈ្មួញ​ឈើ​នោះ ពិតជា​បាន​យកលុយ​គេ​មែន​ឬក៏​អត់​? ហើយ​បើ​រកឃើញថា ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​មែន​នោះ នឹងត្រូវ​ដាក់វិន័យ​តាមច្បាប់​របស់​អាវុធហត្ថ​។​

លោក​ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងថា បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការ​យកលុយ​ពី​ឡាន​ដឹកឈើ​នោះ ពិតជា​មាន​មែន គឺ​សមត្ថកិច្ច ឆែកឆេរ​រកឃើញ នៅក្នុង​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​។​

​ចំណែក​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​កំពុងតែ​ពិនិត្យមើល​ករ​ណី​នេះ និង​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ រឿង​មន្ត្រីប៉ូលិស​ដែល​យកលុយ​ពី​ឈ្មួញ​ឈើ​។​

​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុ​រលួយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ បាន​បញ្ជាក់ថា ការលំបាក​ធំធេង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​ឡូត៍​នេសាទ ព្រៃឈើ ដីធ្លី និង​អំពី​សកម្មភាព​នានា​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​បញ្ជាក់ថា ករណី​ទី​១ នៅ​ឆ្នាំ​២០១៥ នេះ អាចជា​ករណី​អំពើពុករលួយ​មួយ ដែលមាន​បណ្តាញ និង​ធ្វើ​ឲ្យ​មានការ​បំផ្លាញ​ដល់​វិស័យ​មួយ​របស់​ជាតិ ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងតែ​ដំណើរការ​លើ​បញ្ហា​នេះ​។ “​ករណី​ថ្មី សម្រាប់​ឆ្នាំ​២០១៥ គឺ​ការប្រព្រឹត្ត​អំពើពុករលួយ ជា​បណ្តាញ​មួយ​ឃុបឃិត​គ្នា ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជាតិ ហើយ​បញ្ហា​នេះ គឺមាន​ការតានតឹង​មែនទែន ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​មិនទាន់​ប្រាប់​ពី​ក្រុម​បណ្តាញ​ទាំងនោះ បាន​នៅឡើយ​ទេ​។ អ្វីដែល​ខ្ញុំ​និយាយ​នេះ អាចជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​”​។​

​សូមជម្រាបថា បញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជិត​៥០​នាក់ ដែល​យកលុយ​ពី​ឡាន​ដឹកឈើ​តាមផ្លូវ​ជាតិ​លេខ​៥ ជា​រៀងរាល់​ថ្ងៃនោះ ត្រូវបាន​មន្ត្រីប៉ូលិស​ខេត្តកំពង់ឆ្នាំង ថតចំលង​ចែក​ឲ្យ​បណ្តាញ​សារ​ព័​ត៍​មាន និង​បាន​ផ្សព្វផ្សាយ​បន្ត​ពីមួយ​ទៅមួយ ជាពិសេស​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម (​ហ្វេ​ស​ប៊ុ​ក​) ដែល​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​

​បញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទាំងនេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​សមត្ថកិច្ច​ចាប់បាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​។​

ករណីនេះ មានការ​រិះគន់​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​នានា ចំពោះ​ការប្រព្រឹត្តិ​អំពើរ​ពុករលួយ ជា​ប្រព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ​នេះ​។ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​លើកឡើងថា កន្លងទៅនេះ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ ទាំង​តូច​ទាំង​ធំ ចង់​រូង​ផ្លូវជាតិ​លេខ​៥ ទៅហើយ ប៉ុន្តែ​គេ​កម្រ​នឹង​ឃើញ សមត្ថកិច្ច​ដែល​នៅ​បណ្តាក់​គ្នា​ដូច​ខ្យង​ចាប់បាន​រថយន្ត​ទាំងនោះ​ណាស់ លុះត្រា​ណា​តែ​រថយន្ត​ដឹកឈើ​នោះ​មិន​បង់លុយ ឬ​ក្រឡាប់​ក្អួត​ចេញ​ឈើ ទើប​គេ​នាំគ្នា ស្ទាក់ចាប់ និង​ទៅ​ដណ្តើមយក​វត្ថុតាង​៕H/L

mek04