បាងកក៖យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ការិយាល័យព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន បានស្នើឲ្យផ្លាស់ប្ដូរសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលមានការទាក់ទងនឹងអំណាចរបស់រាជវង្ស។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សំណើនោះបានលើកឡើងថា មានបញ្ហា ៣ ទៅ ៤ចំណុច ដែលត្រូវតែកែលម្អ ដើម្បីធានាអំពីអំណាចរបស់ព្រះមហាក្សត្រ។ លោក ប្រាយុទ្ធ បន្តថា បញ្ហានេះ មិនទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែលោកមិនផ្ដល់ព័ត៌មានលម្អិតនោះឡើយ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញដែលសរសេរដោយពួកយោធា គឺជាផ្នែកមួយនៃផែនការរបស់របបយោធា ឈានទៅរកការបោះឆ្នោតជាតិនាខាងមុខ ដើម្បីផ្លាស់ប្ដូរប្រទេសនេះ ទៅរករបបប្រជាធិបតេយ្យវិញ។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើប្រជាមតិកាលពីឆ្នាំមុន ហើយកំពុងរង់ចាំការអនុម័តពីព្រះមហាក្សត្រ៕