សាលាក្តីខ្មែរក្រហមបិទបញ្ចប់សំណុំរឿង០០៣
រាជធានីភ្នំពេញ៖សាលាក្តីខ្មែរក្រហមបានបិទបញ្ចប់កិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៣ ប្រឆាំងនឹងលោក មាស មុត អតីតមេទ័ពសម័យខ្មែរក្រហម បន្ទាប់ពីធ្វើកិច្ចការនេះរយៈពេលជាង៨ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានជូនដំណឹងថា ក្រោយពីបានបិទបញ្ចប់ហើយ ភាគីពាក់ព័ន្ធនានាមានរយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបសួរបន្ថែមទៀត។
លោក មាស មុត ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្វើឡើងរវាងថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ដោយឡែក កិច្ចស៊ើបសួរប្រឆាំងនឹងអតីតសហជនសង្ស័យមួយរូបទៀត ឈ្មោះ ស៊ូ ម៉េត ក៏ត្រូវបានបិទ បន្ទាប់ពីគាត់បានស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕