រាជធានីភ្នំពេញ៖យ៉ាងតិចណាស់ក៏មានពលរដ្ឋខ្មែរចំនួន៤៤នាក់ ដែរត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី៩ខែមករា ដោយចោទថាអ្នកទាំងនោះឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារធ្វើតាមរយៈមេខ្យល់សម្របសម្រួល ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គនគរបាលជាតិកម្ពុជា ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ពលរដ្ឋទាំងនោះឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីថៃក្នុងខេត្តស្រះកែវ ហើយជិះរថយន្តពីរគ្រឿងគ្រោងទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការងារ ប៉ុន្តែត្រូវសមត្ថកិច្ចថៃឃាត់ទាំងរថយន្តទាំងពលរដ្ឋខ្មែរ ។ ពលរដ្ឋខ្មែរទាំងនោះត្រូវបានមេខ្យល់សម្របសម្រួលរត់ការឲ្យទៅធ្វើការ ជាថ្នូលពេលពួកគេទៅដល់បាងកកបានធ្វើការងារធ្វើ បង់លុយឲ្យមេខ្យល់ម្នាក់ចំនួន២៥០០បាត ស្មើនឹងប្រមាណ៣០០ ០០០រៀល។ ទោះយ៉ាងណា មិនមានព័ត៌មានថា អ្នក៤៤នាក់នោះត្រូវបានដោះលែងឬទេ៕