បាងកក៖អាជ្ញាធរថៃបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ននៅភាគខាងត្បូងថៃបានកើនឡើងដល់៣០នាក់ហើយ ដោយក្នុងនោះរួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ខណៈដែលផ្លូវថ្នល់ និងស្ពានសំខាន់ៗចំនួនពីរក៏រងការបំផ្លាញផងដែរ។
អាជ្ញាធរបន្តថា ក្នុងចំណោមស្ពានពីរនោះគឺស្ពានមួយស្ថិតនៅលើផ្លូវហាយវ៉េ ដែលការបាក់នោះ បណ្តាលឲ្យប៉ះពាល់ការធ្វើចរាចរណ៍នៅក្នុងតំបន់រហូតដល់២០០គីឡូម៉ែត្រ ខណៈដែលភ្លៀងក៏បន្តធ្លាក់។ ផ្ទះប្រមាណ៣៦០ ០០០ រងការលិច និង ខូចខាតចំណែកពលរដ្ឋប្រមាណាជា ១លាននាក់បាត់បង់លំនៅឋាន សាលារៀនត្រូវបានបិទ ចំណែកដំណើរការផលិតជ័រកៅស៊ូ និង ដូងប្រេងកំពុងតែប្រឈមផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។នេះ បើតាមនាយកដ្ឋានការពារ និង ដោះស្រាយបញ្ហាគ្រោះមហន្តរាយរបស់ថៃ។
គួរបញ្ជាក់ថា រដូវវស្សាក្នុងប្រទេសថៃបានផុតតាំងពីចុងខែវិច្ឆិកាឆ្នាំមុន ហើយថា ភ្លៀងខុសរដូវនេះ កំពុងដែលវាយលុកខ្លាំងក្នុងខេត្តជាង១០ ក្នុងចំណោមខេត្តទាំង៦៧របស់ថៃ៕