ខេត្តឧត្តរមានជ័យ៖ខណៈឪពុកម្តាយចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ចំណែកជីដូនរវល់ទៅបង់លុយធនាគារ ស្រាប់តែក្មេងស្រី២នាក់ជាបងប្អូនជីដូនមួយនឹងគ្នាលង់ទឹកស្រះក្រោយផ្ទះចម្ងាយ៣០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅភូមិគោកព្រះកន្លង ហៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្មេងស្រីរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះ វុត ដាវីត អាយុ៣ឆ្នាំ ម្តាយឈ្មោះ ឈឿម តោន អាយុ២៧ឆ្នាំ ជាស្ត្រីមេម៉ាយ និងម្នាក់តៀតឈ្មោះ តាន ស៊ីខា អាយុ៣ឆ្នាំ ឪពុកឈ្មោះ ឈឿម តាន អាយុ២៣ឆ្នាំ ម្តាយឈ្មោះ តឹក ភឿក អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ តែបានធ្វើចំណាកស្រុកទៅរកការងារនៅប្រទេសថៃ ហើយទុកកូនឱ្យជីដូនឈ្មោះ ព្រំ ភឿ អាយុ៥០ឆ្នាំ ជាអ្នកមើលថែទាំ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ត្រូវបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយបានធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយទុកកូននៅជាមួយជីដូនជាអ្នកមើលថែ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្សវិច្ច័យឃើញថា ក្មេងស្រីទាំង២នាក់នេះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន រួចប្រគល់សពទៅឱ្យឪពុកម្តាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕