រដ្ឋាភិបាល​ប្រកាស​ទប់ស្កាត់​និង​លុបបំបាត់​ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2015 ក+ ក-

ភ្នំ​ពេ​ញះ​គណៈកម្មការ គោលនយោ បាយសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ នឹង​រៀបចំ​ក្រុមការងារ​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់ ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​។ ឈរ​ក្រោម​ស្លាក​មីក្រូហិរញ្ញវត្ថុ ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ត្រូវគេ​រកឃើញថា មាន​ចំនួន​រាប់រយ​ហើយ​កំពុងផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ ដោយ​យកការប្រាក់​ខ្ពស់ ជាង​កម្ចី​តាម​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​។​
​ក្រុម អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ ឬ​កម្ចី​ខ្នាតតូច​ដែល​មិន​រៀបរយ នឹងត្រូវ​ប្រឈមមុខ​ចំណាត់ការ​ផ្លូវច្បាប់​នាពេលខាងមុខ​នេះ ដោយសារតែ​ក្រុម​ផ្តល់ប្រាក់​កម្ចី​ទាំងនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ​។​

​លោក ប៊ុន មុនី ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​មួយចំនួនធំ មិនមាន​ក្រមសីលធម៌​នោះទេ ដោយ​ពួកគេ​យក​ការ​ខ្ពស់ ហើយ​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ​។ ការ​ពោល​ដូច្នេះ គឺ​មិន​សំដៅ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ខ្ចីលុយ​គ្នា ពឹងពាក់​គ្នា​នៅ​ក្នុងភូមិ​ទៅវិញទៅមក​នោះទេ​។​

​កាលពី​ថ្ងៃទី​២៧​មករា​កន្លងទៅនេះ តាមរយៈ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​តំណាង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ប្រធាន​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជម្រុញ​ឲ្យ​មានការ​ដោះស្រាយ​លើ​បញ្ហា​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​នេះ ដែល​លោក​ចាត់ទុកថា ជាការ​ប្រឈម​មួយ​ទៅដល់​អនាគត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំង​នៅ​ទី ក្រុង និង​ជនបទ​។​

​បច្ចុប្បន្ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្លូវការ​មាន​ចំនួន​៤០ ក៏ប៉ុន្តែ​តាមរយៈ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គេ​រកឃើញ​ស្ថាប័ន​ឲ្យ​ខ្ចីលុយ​តូចៗ​ពី​៣០០ ទៅ​៤០០​ស្ថាប័ន ផ្សេងទៀត ដែលមាន​ភាពមិន​ស្របច្បាប់ ហើយ​កំពុង​ប្រតិបត្តិការ​នៅតាម​តំបន់​នានា​ទូទាំងប្រទេស​។ គេ​មិនដឹងថា​ទឹកប្រាក់​សរុប​នៃ​ក្រុម​ខ្ចីលុយ​ក្រៅ​ប្រព័ន្ធ​នេះ​សរុប ប៉ុន្មាន​នោះទេ​។​

​ក្នុងចំណោម​ក្រុម​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ទាំងនេះ ត្រូវគេ​រកឃើញ​ទៀតថា បាន​ជ្រក​នៅក្រោម​ស្លាក​អង្គការក្រៅរដ្ឋាភិបាល នេះ​មិន​គិតពី​អង្គការ​មួយចំនួន​ដែល​ផ្តល់ប្រាក់​កម្ចី​ក្នុង​ជំនួយ មនុស្សធម៌​នោះទេ​។​

​លោក ប៊ុន មុនី លើកឡើងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា​មានការ​រីកចំរើន​ខ្លាំង ហើយ​ការ​ឆ្លៀតឱកាស​របស់​អតីត​ភ្នាក់ងារឥនទាន​មួយចំនួន ដែលមាន​លុយ ពី ៣​ម៉ឺន​ដុល្លារ រួមបញ្ចូល​គ្នា ដើម្បី​ផ្តល់​កម្ចី ដល់​ប្រជាជន​ដោយ​យកការប្រាក់​ខ្ពស់​នោះ​ក៏​កើតមាន​កាន់តែច្រើន​។​

​ទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ទាក់ទង​ទៅនឹង​ការចុះអនុវត្ត​លុបបំបាត់ ក្រុម​ចងការ​ប្រាក់​ខុសច្បាប់​ដោយ​ពាក់​ឈ្មោះ​មីក្រូហិរញ្ញវត្ថុ ក្លែងក្លាយ​នៅពេលណា​នៅឡើយ​ទេ​៕ rfi
mek06

ការដាក់​ប្រាក់​ក្នុង​កូនជ្រូក​។​@​បណ្តាញ​សង្គម​