ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពគាស់បង្អួចចូលក្នុងផ្ទះពលរដ្ឋប្រមូលយកទ្រព្យសម្បត្តិសរុបជាង១ម៉ឺនដុល្លារទៅដោយសុវត្ថិភាព ខណៈដែលម្ចាស់មិននៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្ទះលេខ២៦៥ ក្រុមទី១៤ ស្ថិតក្នុងភូមិសូភី២ សង្កាត់រតនះ ក្រុងបាត់ដំបង។
លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបាននិយាយអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ម៉ម ម៉ារិន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀនរស់នៅកន្លែងកើតហេតុខាងលើ។
លោក ម៉ម ម៉ារិន ដែលជាម្ចាស់ផ្ទះបានរៀបរាប់ថា នៅមុនពេលកើតហេតុលោកបានចេញទៅបង្រៀន ដោយបានចាក់សោរផ្ទះចោល លុះពេលរសៀលត្រឡប់មកផ្ទះវិញស្រាប់តែឃើញទ្វារផ្ទះបន្ទប់ខាងក្រោមរបើកនិងមានស្នាមគាស់ចំរ៉ុងដែកបង្អួចចូលឥវ៉ាន់នៅក្នុងផ្ទះរប៉ាត់រប៉ាយអស់តែម្តង។
ទ្រព្យសម្បត្តិត្រូវបានបាត់បង់រួមមាន៖ ខ្សែកមាស១តម្លឹងកន្លះ និងបន្តោងស្រោបផ្លាទីនតំលៃ២៧០០ដុល្លារ។ ខ្សែកមាស៥ជីតំលៃ៧០០ដុល្លារ។ ខ្សែដៃពេជ្រតំលៃ៣៨០០ដុល្លារ។ ខ្សែកពេជ្រ១តម្លឹងកន្លះ២៧០០ដុល្លារ។ ជញ្ចៀន២វង្ស៦០០ដុល្លារ។ លុយដុល្លារចំនួន៦៥០ដុល្លារ។ លុយខ្មែរចំនួន៣៦០០០០០រៀល។ សរុបជាលុយដុល្លារចំនួន១១១៥០ដុល្លារ និងលុយខ្មែរចំនួន៣៦០០០០០រៀល។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ចោរដៃឆើតគាស់បង្អួចចូលផ្ទះលួចទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ