ក្រចេះ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្ថាប័នអយ្យាការណ៍អមសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងការណី ហឹង្សាដោយមានចេតនា ។
នគរបាលស្រុកសំបូរ បានឲ្យដឹងថា យុវជនម្នាក់ ព្យាយាមរត់គេចខ្លួន ក្រោយពីរូបគេបានបង្ករឲ្យមានរបួសស្នាមទៅលើអ្នកដទៃ ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយប្រជាការពារ ចាប់ឃាត់បាន ។ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានកម្មវិធីរាំកំសាន្តលេង នៅក្នុងភូមិ ដែលគេហៅថាជាពិធីបុណ្យកំសាន្តភូមិ ។
ខណៈដែលប្រជាពលរដ្ឋ ចាស់ ក្មេង កំពុងតែរាំលេងសប្បាយរីករាយ ក៏កើតមានការវាយតបគ្នា បង្ករឲ្យមានការភ្ញាក់ភ្អើលឈូរឆរកើតឡើង ដោយឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) បានស្ទុះវាយទៅលើឈ្មោះ សឿង ង៉េត ចំនួនពីរស្នាប់ដៃ ត្រូវចំស្មារ បណ្ដាលឲ្យដួលទៅនឹងដី ។ ពេលនោះ ឈ្មោះ ផាន សុខឿន ក៏បានចូលទៅឃាត់កុំអោយវៃគ្នា ប៉ុន្តែត្រូវបានជនបង្ករ វាយមកលើខ្លួនចំនួន ៣ស្នាប់ដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ។ បន្ទាប់មកឈ្មោះ មាំ មូល ក៏ចូលទៅឃាត់ទៀត ប៉ុន្តែត្រូវជនបង្ករវាយឡើងទ្រោមខ្លួន ។ ឃើញហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋក៏បានរួមគ្នា ចាប់ឃាត់ និងព្រួតវាយតបទៅលើជនបង្ក បណ្ដាលឲ្យរបួសដៃ និងក្បាល ហើយជនបង្ករក៏ព្យាយាមរត់គេចខ្លួនទៅពួនលើផ្ទះអ្នកស្រុក ។
សមត្ថកិច្ច បានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងអំពីហេតុការណ៍ខាងលើ កម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនសង្ស័យឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) មកធ្វើការសាកសួរ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើស្នាប់ដៃ វាយទៅលើជនរងគ្រោះទាំងបីនាក់នោះពិតមែន ។
លោក គុណ សុភ័ណ្ឌ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករានេះថា ជនសង្ស័យមានឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅចំនុចកោះជ្រឹម ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត នឹងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕