កាន់តែ​ក្តៅ​! មេ​ដឹកនាំ​ហ្វីលីពីន​ព្រមាន​ប្រើ​ច្បាប់​សឹក​លើ​បញ្ហា​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

ហ្វីលីពីន​៖​ប្រមុខ​ដឹកនាំ​ហ្វីលីពីន​លោក​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្កូ ឌូ​ទើ​តេ បាន​ព្រមាន​ថា លោក​នឹង​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​សឹក បើ​បញ្ហា​គ្រឿងញៀន​កាន់តែ “​រីក​រាលដាល​”​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ទីក្រុង Davao ស្ថិតនៅ​ភាគខាងត្បូង​ហ្វីលីពីន​កាលពី​ម្សិលមិញ​លោក ឌូ​ទើ​តេ បាន​និយាយថា លោក​ស្បថ​ការពារ​ប្រទេស​នេះ ប្រឆាំង​រាល់​ការគំរាមកំហែង​ទាំងអស់ រួមទាំង​បញ្ហា​គ្រឿងញៀន ដែល​លោក​ថា ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ៤​លាន​នាក់​។​
​ជាមួយគ្នានេះ​លោក ឌូ​ទើ​តេ បានចាត់ទុក​សង្គ្រាម​ដ៏​បង្ហូរឈាម​ប្រឆាំង​គ្រឿងញៀន ធ្វើជា​គោលនយោបាយ​ដ៏​សំខាន់​ក្នុង​អាណត្តិ​រដ្ឋបាល​របស់លោក ចាប់តាំងពី​ពេល​លោក​ឡើងកាន់តំណែង​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន​។​
​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​ខែកក្កដា​ឆ្នាំមុន​មក មនុស្ស​ជាង​៦​ពាន់​នាក់​ហើយ ត្រូវបាន​គេ​សម្លាប់​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ទាំង​អំឡុងពេល​ប្រតិបត្តិការ​របស់​ប៉ូលិស និង​ការសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ពី​សំណាក់​មហាជន ខណៈដែល​អ្នកប្រើប្រាស់ និង​អ្នកជួញដូរ​គ្រឿងញៀន​ជាង ១​លាន​នាក់ ត្រូវបាន​គេ​ចាប់ខ្លួន ឬ​សារភាព​នៅ​ចំពោះមុខ​អាជ្ញាធរ​៕

1