បាងកក៖មន្ត្រីគ្រោះមហន្តរាយថៃបាននិយាយកាលពីម្សិលមិញថា ទឹកជំនន់ទឹកភ្លៀងខុសរដូវនៅភាគខាងត្បូងប្រទេសបានសម្លាប់មនុស្សកើនឡើងដល់៤០នាក់ហើយ ខណៈដែលទឹកភ្លៀងត្រូវបានគេព្យាករថា នឹងបន្តធ្លាក់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ នៅតំបន់ផលិតកៅស៊ូ និងទេសចរណ៍របស់ប្រទេសថៃ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក ឆាតឆៃ ព្រហ្មឡឺត បានប្រាប់ Reuters ថា ភ្លៀងធ្លាក់ជោកជាំនៅដើមរដូវប្រាំងនេះ បានបង្កជាទឹកជំនន់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ដោយបានកាត់ផ្ដាច់ផ្លូវថ្នល់ និងខ្សែរថភ្លើង គំរាមកំហែងដល់ផលដំណាំ និងប៉ះពាល់ដល់មនុស្សប្រហែល ១.៦លាននាក់។ លោកបន្តថា ស្ថានភាពអាក្រក់មិនទាន់ចប់នៅឡើយទេ ហើយគេដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្ដាហ៍នេះ ខណៈដែលកិច្ចការបោសសម្អាតកំពុងដំណើរការនៅតាមកន្លែងខ្លះ ដែលទឹកបានថមថយទៅវិញ។
គួរបញ្ជាក់ថា ជាទូទៅរដូវវស្សានៅថៃចាប់ផ្ដើមពីខែមិថុនា ដល់ខែវិច្ឆិកា។ ប៉ុន្តែ ទឹកជំនន់ចាប់ពីថ្ងៃទី១ ខែមករានេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខុសរដូវ៕