កូរ៉េខាងត្បូង៖អគ្គនាយករងក្រុមហ៊ុន SAMSUNG លោក លី ជេយុង ដែលត្រូវជាកូនប្រុសរបស់ថៅកែក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ត្រូវបានតុលាការស៊ើបអង្កេត ក្នុងរឿងប្រព្រឹត្តអំពើពុករលួយរបស់លោកស្រី ឆយ ស៊ុនស៊ីល។
លោក លី ជេយុង កូនប្រុសទោល និងជាអគ្គនាយករងក្រុមហ៊ុន SAMSUNG ត្រូវបានក្រុមអ្នកស៊ើបអង្កេតកោះហៅសួរដេញដោលរយៈពេល២២ម៉ោង កាលពីថ្ងៃពុធ សប្តាហ៍មុន ក្នុងនាមជាជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងសំណុំរឿងអាស្រូវពុករលួយរបស់លោកស្រី ឆយ ស៊ុនស៊ីល មិត្តជិតស្និទ្ធរបស់លោកស្រីប្រធានាធិបតីប៉ាក់ គុនហេ។ អ្នកស៊ើបអង្កេតកូរ៉េខាងត្បូងសង្ស័យថា អ្នកស្នងតំណែងរបស់ក្រុមហ៊ុនមួយនេះបានផ្តល់លុយប្រមាណ ១៧លានដុល្លារ ដល់មូលនិធិបង្កើតឡើងដោយលោកស្រីឆយ ស៊ុនស៊ីល ជាថ្នូរនឹងការប្រើឥទ្ធិពលរបស់ប្រធានាធិបតី ទៅលើការច្របាច់ចូលគ្នាដោយជោគជ័យ នៃក្រុមហ៊ុន SAMSUNG និងក្រុមហ៊ុនឧស្សាហកម្ម Cheil។
គួរបញ្ជាក់ថា ក្រុមស៊ើបអង្កេតពិសេសកូរ៉េខាងត្បូងត្រូវប្រកាសការសម្រេចចិត្តរបស់ខ្លួន នៅថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានលើកមកធ្វើនៅថ្ងៃចន្ទនេះវិញដោយយោងទៅលើស្ថានទម្ងន់ និងភាពស្មុគស្មាញនៃសំណុំរឿង៕