ខេត្តបន្ទាយមានជ័យ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពេលនេះការចេញ-ចូលទៅប្រកបរបរលក់ដូរនៅផ្សាររុងក្លឿ ទឹកដីថៃរបស់អាជីវករ និងពលរដ្ឋខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ពុំមានការកកស្ទះដូចកាលពីព្រឹកថ្ងៃទី១៣ ទេ ដោយសារគ្រប់គ្នាទទួលបានសំបុត្រចេញ-ចូលដីថៃ Free នៅមាត់ច្រកទ្វារទៅហើយ។
អាជីវករ និងពលរដ្ឋដែលត្រូវចេញ-ចូលដីថៃមិនពិបាកចំណាយប្រាក់សូម្បី១រយរៀល ដោយគ្រាន់តែដើកាត់ ហើយលូកដៃយកសំបុត្រម្នាក់មួយៗ ដើរចូលដីថៃយ៉ាងសេរីតែម្តង។ នៅព្រឹកថ្ងៃទី១៦ នេះ ភាគីថៃក៏មិនបានរារាំងជើងដំណើរដូចពេលមុននោះដែរ។ គេពុំដឹងថា ដំណើរការរលូនដូចថ្ងៃនេះ និងកើតមានរហូតឬយ៉ាងណានោះទេ ព្រោះតាមប្រភពថា ជំនួបថ្នាក់មេប៉ុស្តិ៍អន្តោប្រវេសន៍ខ្មែរ-ថៃនៅស្រុកអារញ្ញ កាលពីថ្ងៃ១៣ ភាគីថៃមិនទាន់ឆ្លើយតបសំណើរភាគីកម្ពុជា ក្នុងរឿងសំបុត្រ១០០០រៀល ឬ១០បាតនៅឡើយទេ។ ផ្ទុយទៅវិញគេប្រគល់ឲ្យនៅសំបុត្រពណ៌លឿងជាច្រើនដុំដែលបានបោះពុំរួចហើយឲ្យមកភាគីកម្ពុជា៕