រថយន្ត​សាំ​យុង​ដឹកឈើ​ប្រណីត​មួយគ្រឿង​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

ខេត្តរតនគិរី​៖​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ពេញ​១​រថយន្ត​សាំង​យុង ត្រូវបាន​បង្ក្រាប​ដោយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រ​ឈើ​ស្រុក​វើ​ន​សៃ​និង កម្លាំង​កង​រាជ​អាវ​ធ​ហត្ថ​ស្រុក​វើ​ន​សៃ​ផង​ទៀត​។​
នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឲ្យ​ដឹងថា កិច្ចសហការ​ណ៍​បង្ក្រាប​ឈើប្រណិត​ខុសច្បាប់​នេះ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧​នេះ​។ លោក​បាន​បញ្ជាក់ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​មេព្រៃ​ស្រុក​វើ​ន​សៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វើ​ន​សៃ បាន​ស្ទាក់ចាប់​រថយន្ត​សាំ​យុង ពាក់​ស្លាក​លេខ ភ្នំពេញ 2U.1080 ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​ភូមិ​វង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ខណៈពេល​ដែលមាន​សេចក្តីរាយការណ៍​ថា រថយន្ត​នោះ​មាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​។​
យោងតាម​សេចក្ដីរាយការណ៍​ពី​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ខណៈពេល​មានការ​បង្ក្រាប អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន នៅមុន​ពេល​មាន​ការណ៍​បង្ក្រាប​នោះ ដែល​ធ្វើអោយ​សមត្ថកិច្ច​បាត់​អត្តសញ្ញាណ​។ ប៉ុន្តែ បើតាម​ប្រភព​ខ្លះ​និយាយថា រថយន្ត 2U.1080 នេះ តែងតែ​រកស៊ី​ដឹកឈើ​ពី​ស្រុក​វើ​ន​សៃ​ទៅ​វៀតណាម​បែបនេះ​យូរ​មកហើយ ដែល​អ្នកខ្លះ​បង្ហើប​ថា ម្ចាស់​រថយន្ត​នេះ​មានឈ្មោះ ចិត្ត ។​
គេ​កំពុង​សង្ស័យថា ឈ្មោះ ចិត្ត ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ទំនង​មាន​ខ្នងបង្អែក ទើប​ហ៊ាន​ដឹកឈើ​ប្រណិត ឆ្លងកាត់​រដ្ឋបាល​ស្រុក​អូរ​ជុំ ដែលមាន​លោក ជា កុ​ណា​រ៉ា ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ បាន​ដោយ​រលូន​បែបនេះ​។​
ព័ត៌មាន​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា នេះ​ថា ឈើ​ដែល​បង្ក្រាប​នៅក្នុង​រថយន្ត​សាំ​យុង​ខាងលើ​មាន​ចំនួន​១២២​សន្លឹក ស្មើរ​និង ២៧៥៨​គីឡូក្រាម ដែល​ស្មើនឹង​២.២០៦៤ ម៉ែត្រត្រីគុណ ជា​ឈើប្រណិត ប្រភេទ​ធ្នង់​សុទ្ធ​។​
លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ក្រុម​អ្នកយកព័ត៌មាន​មិនអាច​ស្វែងរក​ការបំភ្លឺ ជុំវិញ​ចំណោទ​ថា រថយន្ត​ដឹកឈើ​នេះ តែង​បាន​ដឹកឈើ​ឆ្លងកាត់​ក្នុង​ដែន​គ្រង​របស់លោក បានទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕

5432