CPP និង CNRP អាច​នឹង​បញ្ចប់​វប្បធម៌​សន្ទនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​វប្បធម៌​សន្ទនា ដែល​រៀបចំ​ផ្គូរ​ផ្គង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​នឹងត្រូវ​បញ្ចប់​ម្តងទៀត ប្រសិនបើ​ពុំមាន​ជំនួប​រវាង​សម្តេច​ក្រឡាហោម ស ខេង និង​លោក កឹម សុខា នាពេលខាងមុខ​នោះទេ ។ ទន្ទឹម​នោះ​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការជួបគ្នា​រវាង​សម្តេច​ក្រឡាហោម ស ខេង និង លោក កឹម សុខា ដែល​ភាគី​ទាំងពីរ​កំណត់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​នោះ​ត្រូវបាន​លើក​ពេល​ហើយ ។ ហើយ​ការលើក​ពេលនោះ​ពុំមាន​កំណត់​នោះទេ ។​
​ទាក់ទិន​ករណីនេះ លោក ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង បាន​អះអាងថា ការដែល​សម្តេច​ក្រឡាហោម ស ខេង សម្រេច​លើក​ពេល​ជួបចរចា​ជាមួយ លោក កឹម សុខា ដោយ​មិន​កំណត់​នោះ គឺ​សម្តេច​ទុកពេល​ឱ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា មាត្រា​៤៨​ថ្មី​(​បី​) ជាមុនសិន ។​
​គួ​រម្លឹកថា តាម​គម្រោង​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ស​ង្គ្រោ​ជាតិ គ្រោង​នឹង​ជួប ពិភាក្សាគ្នា​នៅ​ព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា ។ ទន្ទឹម​នោះ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ បាន​ផ្ញើលិខិត​ដាក់​របៀបវារៈ​ជូន​គ្នា​ទៅវិញទៅមក រហូតដល់​ថ្ងៃទី​១៦ ខែមករា ម្សិលមិញ​នេះ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ភាគច្រើន បាន​កំណត់ពេល​ជួបគ្នា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ដែលមាន​កា​រ​ព្រមព្រៀងគ្នា​។ លោក កឹម សុខា ប្រធាន​ថ្នាក់ដឹកនាំ​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង ក៏បាន​ព្យាយាម​លើកយក​បញ្ហា​នៅ​ដែន សមត្ថកិច្ច​របស់​តុលាការ ដើម្បី​ជជែក​ជាមួយ​សម្តេច​ក្រឡាហោម ប៉ុន្តែ​របៀបវារៈ​នេះ​ត្រូវបាន​ទាត់ចោល​ទៅវិញ​។​
​យ៉ាងណាក៏ដោយ កាលពី​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ ចេញពី​ទីក្រុង Zurich ប្រទេស​ស្វី​ល​ថា បើ​យន្ត​ការដែល​ទើប​បង្កើតឡើង​តាមរយៈ ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ពិបាក​ក្នុងការ​ធ្វើការ​រួមទាំង​ប៉ុនប៉ង​ចរចា​ដោះលែង​អ្នកទោស ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ សម្តេច​ស្នើ​ឲ្យ​ធ្វើ វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ដើម្បី​លុបចោល «​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ ។​
​សូមបញ្ជាក់ថា ប្រសិន​ការធ្វើ​វិសោធនកម្ម​បាន​ដោយ​ជោគជ័យ​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ត្រូវបាន​បាត់បង់​តួនាទី ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណ​ប្ស​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​ទទួលបាន​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ ។​
​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​កំពុង​មើលឃើញថា បញ្ហា​វប្បធម៌​សន្ទនា​អាច​នឹងត្រូវ​បញ្ចប់​ប្រសិនបើ​ក្រុម​លោក កឹម សុខា ជំទាស់​ទៅនឹង​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ប្រការ ៤៨ ថ្មី ខណដែល​បក្សប្រឆាំង​នោះ​តែ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​មន្ត្រី គ​.​ជ​.​ប រួមទាំង​អ្នកគាំទ្រ ។​
​ប្រសិនបើ​បញ្ចប់​វប្បធម៌​សន្ទនា​មែន​នោះ គឺជា​លើក​ទី​២ ហើយ​ដែល​វប្បធម៌​នេះ ត្រូវបាន​បិទទ្វារ ហើយ​រាល់​ការបិទទ្វារ​ម្តងៗ កម្តៅ​នយោបាយ​ក៏​ផ្ទុះឡើង​ភ្លាមៗផងដែរ​៕

11peak