ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០១៧នៅបរវេណមជ្ឈមណ្ឌលសុភមង្គលក្នុងខេត្តបាត់ដំបងបានរៀបចំពិធីសំណេះសំណាលនិងចែកអំណោយដល់បងប្អូនអតីតយុទ្ធជននិងយោធិនពិការចំនួន១១០០នាក់ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
ពិធីនេះផងដែរប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជំវិញខេត្តផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់សម្តេចទាំងពីរដែលជានិច្ចកាលបាននិងកំពុងយកចិត្តទុកដាក់ជាប្រចាំទាំងបងប្អូនយុទ្ធជនយោធិនពិការនិងអតីតយុទ្ធជនព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនរើសអើងគោលនយោបាយនោះឡើយ។
សម្តេចក្រឡាហោម ស ខេង បន្តលើកឡើងនូវសុខទុក្ខបងប្អូនយោធិនពិការទោះជាបងប្អូនរស់នៅក្នុងសភាពណាក៍រាជរដ្ឋាភិបាលនៅតែតាមមើលថែជានិច្ចហើយមិនធ្វើតែសម្រាប់បងប្អូនយោធិនពិការនោះទេអោយតែពលរដ្ឋទីទ័លក្រខ្វះខាតគ្មានផ្ទះសំបែងពិតប្រាកដគឺសម្តេចទាំងពីរតែងយកចិត្តទុកដាក់ជួយជួសជុលនិងសាងសង់លំនៅឋានជូនគ្រប់ៗគ្នាសុំឲ្យតែបងប្អូនធ្វើការគាំទ្រជាបន្តទៅទៀតដើម្បីលើកស្ទួយរាជរដ្ឋាភិបាលបច្ចុប្បន្នឲ្យមានតម្លៃលើគោលនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ឲ្យគឺ ភូមិ-ឃុំមានសុវត្ថិភាព។
អំណោយដែលត្រូវចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាក្នុងក្រុងបាត់ដំបងទាំង១១០០នាក់ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម សារ៉ុងចំនួន១និងថវិកាចំនួន៥០០០០៛(ប្រាំម៉ឺនរៀល)៕
សម្តេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយអតីតយុទ្ធជន និងយោធិនពិការ