រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមេធាវីដាក់ពាក្យប្តឹងលោក សម រង្ស៊ី មួយករណីទៀតពីបទបរិហាកេរ្តិ៍ជាសាធារណ ទាក់ទង លោក សម រង្ស៊ី ចោទប្រកាន់ថា សម្តេច ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យធ្វើសកម្មភាពបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
លោក គី តិច មេធាវីការពារក្តីរបស់សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពាក្យបណ្តឹងនិងដាក់ទៅតុលាការ នៅថ្ងៃនេះ ដោយទាមទារឲ្យលោក សម រង្ស៊ី សងជំងឺចិត្តប្រមាណមួយលានដុល្លារ។
សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ។ ការចោទប្រកាន់បែបនេះធ្វើឡើងក្នុងឱកាសលោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយអ្នកគាំទ្របក្សប្រឆាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្មីៗនេះ៕