ខេត្តប៉ៃលិន៖អាជ្ញាធរមីនកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នការដោះមីននៅតំបន់ដែលផ្ទុះបណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុពិតដែលបណ្តាលឲ្យផ្ទុះមីនសម្លាប់ មនុស្សនោះ។
សូមជម្រាបថា រយៈពេល៤ថ្ងៃចុងក្រោយនេះ ករណីផ្ទះមីនបានកើតឡើង២ករណី បណ្តាលឲ្យបុគ្គលិកដោះមីន របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់។ ករណីផ្ទុះមីននេះ កើតឡើង នៅតំបន់អតីតសមរភូមិសង្គ្រាមក្តៅ រវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពខ្មែរក្រហម នៅទឹកដីខេត្តប៉ៃលិន។
លោកទេសរដ្ឋមន្ត្រី សិរី កុសល អុនប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានណែនាំឲ្យអង្គការដែលប្រតិបត្តិការ លើការដោះមីននៅតំបន់នោះ បង្កើតការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះតំបន់នោះជា សមរភូមិស្មុគស្មាញ ដែលទាមទារនូវការប្រើប្រាស់ឧបករណ៍ទំនើប និងគ្រឿងចក្រផងដែរ។
លោក សេរីកុល បានបញ្ជាក់ថា អាជ្ញាធរមីន ក៏នឹងពង្រឹងសតិអារម្មណ៍ ក្រុមដោះមីនឡើងវិញ បង្កើនការប្រុងប្រយត្ន័ ប្តូរក្រុមចាស់ទៅក្រោយសំរាកមួយរយៈ ពង្រឹងស្មារតី បច្ចេកទេស ពិនិត្យដោះស្រាយការធ្វើបុណ្យតាមប្រពៃណី រួមទាំងគោលនយោបាយដល់គ្រួសារសពផងដែរ ។ លើសពីនេះអាជ្ញាធរមីន នឹងពិនិត្យដាក់ក្រុមថ្មី មកជំនួសក្រុមចាស់ ដែលមានឧបទ្ទវហេតុ និង ចុងក្រោយបូកសរុប ធ្វើការសន្និដ្ឋាន និងចេញសេចក្តីថ្លែងការណ៍ ក្រោយបានរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ជ្រាបនិងសំរេចជាមុន៕