មូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានព្រមានថា អាមេរិកអាចនឹងផ្ទុះបដិវត្តន៍ Maidam ដូចនៅប្រទេសអ៊ុយក្រែន ប្រសិនបើបាតុកម្មនៅតែបន្តធ្វើប្រឆាំងភាពស្របច្បាប់ នៃប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ត្រាំ មិនឲ្យចូលកាន់តំណែងបាននាពេលខាងមុខឆាប់ៗនេះ ។ នេះបើយោងតាមការ ចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងឱកាសនៃជំនួបជាមួយប្រធានាធិបតី នៃប្រទេស ម៉ូដាវី លោក ពូទីន បានកត់សម្គាល់ថា បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ជម្លោះផ្នែកនយោបាយនៅតែបន្តកើតមាន បើទោះជាការបោះឆ្នោតបានបញ្ចប់ ហើយលទ្ធផលបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ ជាឈ្នះក៏ដោយ ។ លោកបញ្ជាក់ថា ជម្លោះនយោបាយនេះមានវត្ថុបំណងសំខាន់ៗមួយចំនួន ដូចជា៖ ទីមួយគឺការបំផ្លាញភាពស្របច្បាប់របស់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ក៏ប៉ុន្តែការធ្វើបែបនេះដើម្បីរារាំងលោកត្រាំ អាចនឹងនាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងរណ្ដៅបដិវត្តន៍ Maïdan ។ ចំណែកឯ វត្ថុបំណងទី២ គឺចង់រារាំងកុំឱ្យលោកត្រាំ អនុវត្តតាមពាក្យសន្យារបស់លោក នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ជុំវិញគោលនយោបាយក្នុងនិង ក្រៅប្រទេស៕